រំលេចដល់ឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមថា រូបនាង ជាអតីតបេក្ខនារី ក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ធ្លាក់ត្រឹមវគ្គ Judge Cut Down និងត្រូវជា ប្អូនជីទួតមួយកំពូលតារាចម្រៀងខេមរៈ សិរីមន្ត។
ត្រឡប់ទៅនិយាយក្នុងវគ្គJudge Audition ជូលីណា បានរៀបរាប់ពីប្រវត្តិរបស់ខ្លួននៅចំពោះមុខគណៈកម្មការ ថា ជីវិតពោរពេញដោយការមើលងាយ ខ្លួនជាក្មេងស្រីម្នាក់ ដែលគេមើលងាយទៅលើជីវភាពគ្រួសារ បច្ចុប្បន្នខ្លួនមានតែម៉ាក់ ខ្លួនជាកូនទោល ខ្លួនអត់មានឪពុកនោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណ តែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល១០ឆ្នាំជាងហើយ ហើយមានអាយុ៧២ឆ្នាំ។
និយាយដល់ពាក្យថា ប៉ា ឬឪពុកនោះ ស្រាប់តែ បេក្ខនារីស្ថិតក្នុងវ័យ១៨ឆ្នាំរូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួនអត់ដែលស្គាល់ពាក្យថា ប៉ា ឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យ យកជ័យលាភីជូនម៉ាក់ឲ្យបាន។ ម៉ាក់របស់ខ្លួន ដើរតួជាឪពុក ផង ជាម្ដាយផង ទោះគាត់អត់មានថវិកាគ្រប់គ្រាន់ តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះ គាត់អ្នកជួយពីក្រោយ និងមានបងម្នាក់ ជួយជំរុញ។
ក្រោយពីនាង បានប្រាប់ពីអាយុរបស់ខ្លួន និងម្ដាយរួចមក ស្រាប់តែមានការជជែកវែកញែកថា មិនអាចទៅរួចនោះទេ បើបូកដកទៅ មានន័យថា អាយុ៥៤ឆ្នាំ ទើបម្ដាយនាង មាននាង ហើយស្ត្រីស្ថិតក្នុងអាយុនេះ មិនអាចមានកូននោះទេ។
ឆ្លើយតបទៅនឹងរឿងទាំងនេះ កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ម្ដាយ ជូលីណា និងជូលីណា បានឡាយធ្វើការបកស្រាយ ក្នុងនោះ ម្ដាយជូលីណា បានប្រាប់ថា លោកស្រី បានសរសេរប្រវត្តិរូបធ្វើការដាក់ ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥១ ដើម្បីឆាប់បានចូលនិវត្តន៍ ហើយអ្នក ដែលដាក់ជាមួយលោកស្រីគេក៏ធ្វើអញ្ចឹងដែរ ដើម្បីឆាប់ចូលនិវត្តន៍ ចឹងទើបដំឡើងអាយុឲ្យបានច្រើន។
លោកស្រីបន្តថា តាំងពីពេលនោះមក លោកស្រីយកឆ្នាំ១៩៥១នោះ មកប្រើរហូតមកដល់សព្វថ្ងៃនេះ, ការពិតអាយុលោកស្រី មិនមែនប៉ុណ្ណឹងនោះទេ។ ទោះយ៉ាងណា លោកស្រី មិនបានបញ្ជាក់ថា អាយុប៉ុន្មានឲ្យពិតប្រាកដនោះឡើយ ដោយឲ្យបងប្អូនកូនក្មួយ មើលតាមភិនភាគ ហើយទាយថា អាយុប៉ុន្មាន គឺប៉ុណ្ណឹងហើយ។
ដោយឡែក មួយរយៈចុងក្រោយនេះ ជូលីណា បានបង្ហាញសកម្មភាពជាមួយម្ដាយជាញឹកញាប់ ជាមួយនឹងឈុតប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ជាក់ស្ដែង នៅរសៀលថ្ងៃទី១ ខែសីហា នេះ នាង បានបង្ហោះរូបថតដ៏ស្រស់ស្អាតជាមួយអ្នកម្ដាយ ហើយដាក់Captionថា «បំណងប្រាថ្នានៅក្នុងខែថ្មី មិនថាជាតិនេះ ជាតិមុខ ឬខាងមុខតទៅកូន សូមកើតជា កូនស្រីរបស់អ្នកម៉ែគ្រប់ៗជាតិ»៕