ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ក្រៅពីកំពុងកាប់កបលើមុខជំនួញរបស់ខ្លួននោះ ក៏តែងតែធ្វើអំពើល្អ តាមរយៈការជួយកសាងសមិទ្ធផលផ្សេងៗ ជួយជនក្រីក្រ ខ្វះខាតក្នុងជីវភាព ជនបាត់បង់លទ្ធភាពធ្វើការងារជាដើម នោះ។
ជាការកត់សម្គាល់ ការធ្វើបុណ្យទានរបស់លោកជំទាវ ឧកញ៉ាអ៊ាន សៀវម៉ី ហើយធ្វើការថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួននោះ ភាគច្រើន សុទ្ធតែលក្ខណៈដុំកំភួន មិនមែនលុយ១០ ២០ដុល្លារ ថតបង្ហោះ ផ្អើល បណ្ដាញសង្គមហ្វេសប៊ុកនោះទេ។
រំលឹកពីការធ្វើបុណ្យរបស់លោក ជំទាវ ឧកញ៉ាអ៊ាន សៀវម៉ី កាលពីថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២០នោះ ជាពេលវេលាមួយ ដែលលោកជំទាវ ទើបតែទទួលបានកូនភ្លោះ២នាក់។ ក្រោយពីធ្វើបុណ្យនាពេលនោះរួចមក លោកជំទាវ ក៏ឆ្លៀតធ្វើការឡាយវីដេអូប្រាប់ដល់អ្នកគាំទ្រ ក៏ដូចជាសុំទោសមហាជន ចំពោះការឆ្លើយតបបែបមិនសមរម្យ ទៅកាន់អ្នករិះគន់ខ្លួន នាពេលកន្លងមកផងដែរ។
ដោយឡែកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ឧកញ៉ាអ៊ាន សៀវម៉ី បានបង្ហោះរូបថត២សន្លឹករបស់ខ្លួនកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យអរៀនដាកោះពេជ្រ ត្រៀមសម្រាលកូន ជាមួយនឹងការសុំពាក្យជូនពរដូច្នេះថា «សូមពាក្យជូនពរអោយចែសៀវម៉ីម្នាក់មួយម៉ាត់មកពុកម៉ែបងប្អូន»។
តាមរយៈនេះ គេសង្កេតឃើញថា មានអ្នកគាំទ្រលោកជំទាវជាច្រើន បានបង្ហោះសារជូនពរព្រោងព្រាត ក្នុងនោះ តារាកំប្លែងដ៏ល្បីឈ្មោះអ្នកនាងខ្ញុង ដែលធ្លាប់សម្រាលកូននៅទីនោះផងដែរ បានជូនពរថា «សូមឱ្យសុវត្ថិភាពទាំងម្ដាយទាំងកូនសុខចម្រើនទាំងអស់គ្នាអ្នកបង»៕