លោកអ្នកបានជ្រាបរួចមកហើយថា ក្រោយពីជួបព្យុះភ្លៀងជាច្រើនជាមួយតារាសម្ដែង អេត វីន នោះ, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកនាង សុទ្ធ បញ្ចកា ក៏បានបង្ហាញមុខអ្នកស្អំបេះដូងថ្មី គឺជាគ្រូពេទ្យចិត្តធម៌ឈ្មោះ វេជ្ជបណ្ឌិត ហ៊ាន រតនា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
អ្នកនាង សុទ្ធ បញ្ចកា បានរូបថតដ៏ផ្អែមល្ហែមមួយសន្លឹក អមដោយសារជាភាសាអង់គ្លេស ហើយត្រូវបានសម្រាយជាភាសាខ្មែរថា «ទោះជាយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ។ អរគុណ ដែលព្យាយាមការពារ ថែរក្សា និងស្រលាញ់ខ្ញុំ ឈប់ពិបាកចិត្តខ្ញុំប្រាកដជាជ្រើសរើសអ្នក»។
គេនៅចាំបានថា នៅពេលមានរឿងក្ដៅគគុកជាមួយគ្នានោះ លោក អេត វីន បានចោទប្រកាន់អ្នកនាង បញ្ចកាថា យកប្រុសមកដេកដល់ផ្ទះ ខណៈអ្នកមេម៉ាយរូបស្រស់រូបនេះ បកស្រាយថា បុរស ដែល អេត វីន បានឃើញនៅក្នុង បន្ទប់ជាមួយខ្លួននោះគឺជាគ្រូពេទ្យប្រចាំកាយ ដែលមកមើលជំ,ងឺនាងជាប្រចាំ ហើយនៅពេលនោះ ក៏នៅជាមួយកូនស្រីរបស់ខ្លួនផងដែរ។
លុះពេលអ្នកនាង សុទ្ធ បញ្ចកា បង្ហោះសារដូចខាងលើ បញ្ជាក់ពីគូស្នេហ៍ថ្មី ដែលឈ្នះបេះដូងខ្លួន ហើយម្នាក់នោះ ជាគ្រូពេទ្យប្រចាំកាយនាង ដែលតារាសម្ដែង អេត វីន ធ្លាប់ចោទប្រកាន់នោះ ទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍តែម្ដង។
ទោះយ៉ាងណា ក្រោយពីរឿងនេះ បានក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួននោះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ អ្នកនាង សុទ្ធ បញ្ចកា បានចែករំលែកសាររបស់លោកគ្រូពេទ្យចិត្តធម៌ ហ៊ាន រតនា ដែលបង្ហោះអរគុណអ្នកគាំទ្រ, ចូលក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ហើយបានដាក់Captionថា «Idol in heart បងប្រុស ជាទីគោរព»។
ក្រោយមកទៀត នៅថ្ងៃដដែលនេះ អ្នកនាង បញ្ចកា បានបង្ហោះសារមួយទៀតថា «មានគេសួរជាច្រើនថា លូវគិតមិច?ញុំថា “ បើគ្រប់យ៉ាង វាបានដូចអីដែរខ្ញុំគិតនោះ មិនមែនជីវិតខ្ញុំរញ៉េរញ៉ៃ ហើយវែងជាងរឿងជីវិតស្រីមេផ្ទះ នោះទេ “ជឿលើព្រហ្មលិខិត និង វាសនា វិញ ពេលនេះ គឺថាតាមតំនើរ!
សំរាប់ខ្ញុំតាំងពីដើម រាល់ពេលជីវិតជួបព្យុះខ្លាំង ខ្ញុំតែងតែដើរកាត់ព្យុះនោះ យ៉ាងអង់អាច ដើម្បីទៅចាប់តោងដើមឈើ កុំអោយវាបើង ងាប់ហា មែនក្លាហាន ដើរកាត់ព្យុះសំរុក រកជោកជយ័អីទេណា គឺ ទៅរកអីតោងហា បើអត់តោងអី ឡាប់លូវហើយ»៕