បន្ទាប់ពីមានការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងថ្មី, តារាកំប្លែងមួយចំនួន អ្នកផលិតកម្មវិធី រួមនឹងពិធីករល្បីៗមួយចំនួន បានចាកចេញពីទូរទស្សន៍ស៊ីធីអិននោះ ខណៈអ្នកនាង យក់ ចិន្តា ពិធីការិនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍មួយនេះ បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួន ក្រោយឈរជើងនៅទីនោះរយៈពេល២០ឆ្នាំ។
អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ អមដោយការរៀបរាប់ថា «ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃស្ថានីយទូរទស្សន៍ CTN ក្នុងរយៈពេល 20 ឆ្នាំមកនេះ នាងខ្ញុំ បានអភិវឌ្ឍខ្លួនពីពិធីការិនីម្នាក់រហូតដល់កាន់តួនាទីជានាយិកាត្រួតពិនិត្យគុណភាព។
ទោះមានឧបសគ្គច្រើនក៏ដោយ ក៏ខ្ញុំតែងតែអាចជម្នះរាល់ឧបសគ្គទាំងនោះបាន ដោយសារតែមានថ្នាក់ដឹកនាំ CBS ដែលតែងយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះបុគ្គលិក និង ក្រុមការងារដែលចេះជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុន។
នេះជាអ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទកភាពខ្លាំងឡើងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CBS ដ៏កក់ក្ដៅនេះ។ ក្នុងអាជីពមួយនេះ ខ្ញុំមិនភ្លេចពីតម្លៃរបស់ស្ត្រី ដោយផ្សារភ្ជាប់ជាមួយសារសំខាន់នៃសមភាពយែនឌ័រនៅក្នុងកម្មវិធីមុនៗនោះទេ ហើយកម្មវិធីទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិយើង។
ហើយថ្មីៗនេះ អ្នកគ្រប់គ្រងថ្មីរបស់ CBS បានបន្តផ្ដល់ឱកាសសម្រាប់នាងខ្ញុំ ដើម្បីដឹកនាំកម្មវិធី “បាទមេ” រដូវកាលទី2 ដែលជាកម្មវិធីកំប្លែងសើចចុកពោះ ជាមួយតួសម្ដែងថ្មី និង “សង្វៀនម្ហូប” ដែលផ្ដល់នូវរសជាតិប្លែកថ្មី ធ្វើឱ្យកម្មវិធីរបស់ CBS លេចធ្លោបំផុតក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមអរគុណដល់គ្រួសារ CBS ដែលបានធ្វើឱ្យនាងខ្ញុំ មានថ្ងៃនេះ ហើយពួកយើងនឹងធ្វើឱ្យ CBS កាន់តែរីកចម្រើនជាមួយគ្នា»។
ដោយឃើញបែបនេះ ទំព័រហ្វេសប៊ុក «CTN TV» បានចែករំលែកសារនេះ ហើយលើកឡើងថា «សមភាពយេនឌ័រ នឹងអាចកើតឡើងបាន លុះត្រាតែយើងរួមគ្នាលើកកម្ពស់សមភាពសម្រាប់ស្ត្រី។ សូមអរគុណដល់អ្នកនាង យុគ ចិន្តា ហើយអ្នកនាងគឺជាអ្នកដឹកនាំដ៏ពិតប្រាកដមួយក្នុងការនាំផ្លូវឆ្ពោះទៅរកការលើកកម្ពស់សមភាពសម្រាប់ស្ត្រី»៕