ក្រោយចែកផ្លូវគ្នាអតីតប្តីប្រពន្ធអ្នកសិល្បៈ, លាន អាហ្រ្វីលគីនីន និង កែវ វល័ក្ខ អាចរកបានដៃគូស្អំបេះដូងរៀងខ្លួន តែក្នុងរយៈពេលខ្លី ដោយ លាន អាហ្រ្វីលគីនីន ប៉ះស្នេហ៍អ្នកមេម៉ាយកូនបីវ័យ៤៥ឆ្នាំ ខណៈកែវ វល័ក្ខ ក៏បានភ្ជាប់ពាក្យជាមួយដៃគូថ្មីជាបុរសដែលមានវ័យក្មេងជាងនាងដល់ទៅ ១០ឆ្នាំ។
ទោះយ៉ាងណា ចំពោះ កែវ វល័ក្ខ ក្រោយពីភ្ជាប់ពាក្យកាលពីអំឡុងពាក់កណ្ដាលខែមេសានោះ នាងបញ្ជាក់ថា នាងមិនទាន់រួមរស់ជាមូយគ្នាទេ រង់ចាំរៀបការរួចសិន ព្រោះមិនចង់ឱ្យអស់តម្លៃ។ សម្រាប់កូនប្រុសស្រីទាំង បួនរបស់អ្នកទាំងពីររស់នៅក្រោមការមើលថែពីសំណាក់ កែវ វល័ក្ខ ជាម្តាយ។
ចំពោះ លាន អាហ្រ្វីលគីនីន ទើបតែបានធ្វើពិធីសែនព្រែន ក្លាយជាប្ដីប្រពន្ធស្របច្បាប់ជាមួយអ្នកស្រី យូ លីណា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ តែពិធីរបស់ពួកគេ ធ្វើឡើងដោយមិនបានព្រាងទុក ដោយធ្វើឡើងត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះ។
នៅពេលនោះ បើតាមអ្នកស្រី យូ លីណា បានបញ្ជាក់ថា «26.06.22 ពួកយើងទាំងពីរ ជាប្ដីប្រពន្ធ ស្របច្បាប់ មានចំណងអាពាហ៍ពិពាហ៍ និងចំណងមេបា ចាស់ទុំ ទាំងសងខាងដឹងឮ អរគុណបងប្អូន ដែលចូលរួមកម្មវិធីតូចតាច របស់យើងខ្ញុំ សុំទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័ស និងមិនបានត្រៀម ទុកជាមុន»។
បន្ថែមលើនេះ ភរិយាថ្មីរបស់ លាន អាហ្វ្រីលគីនីន ដែលមានឈ្មោះជាមេម៉ាយកូនបីនោះ បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយលើកឡើងថា «មនុស្សគេយកសម្តី»។
កន្លងមកអ្នកលក់អនឡាញរូបនេះ ធ្លាប់បញ្ជាក់ជំហរថា នឹងរៀបការឲ្យអធិកអធម ប៉ុន្តែពេលនេះ អ្នកស្រីបានដូរចិត្តហើយ ដោយនិយាយបែបលេងសើចថា «ការរៀបការ មិនបង្ខំ ជ្រើសរើសដៃគូដោយចិត្ត និងចិត្តជាសេចក្ដីសុខកម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិចចំនេញបានប្ដីមួយជ័យយោ ខ្ញុំមានប្ដីហើយ លែងមេម៉ាយហើយ»៕