ក្រោយពីផលិតកម្មមួយចំនួនចាំស៊ីពែ ពេលតារាចម្រៀង ដែលខ្លួនបណ្ដុះបណ្ដាលបានល្បី ទាញយកទៅអស់នោះ លោក ផែន បូទី ចេញមុខថាឲ្យផលិតកម្មនោះ ហើយទម្លាយថា ផលិតកម្មខ្លះល្អតែមើល មិនល្អស៊ីនោះទេ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ លោក ផែន បូទី បានបង្ហោះសាររៀបរាប់ដូច្នេះថា «បងប្អូនទាំងអស់គ្នាប្រហែលយល់ច្រឡំ ខ្ញុំមិនដែលពេញចិត្តឲ្យអ្នកចម្រៀងដែលខ្ញុំខំជួយ បណ្ដុះបណ្ដាលចេញពីខ្ញុំនោះទេ.. ហើយខ្ញុំក៏មិនពេញចិត្ត អ្វីដែលផលិតកម្មចាំតែស៊ីពែស្រាប់ៗនោះដែរ..ព្យាយាមទាញអ្នកចម្រៀងរបស់ខ្ញុំ 4-5 នាក់រួចមកហើយ មិនថាក្មេង មិនថាធំ ឲ្យតែឃើញខ្ញុំធ្វើបទឲ្យគ្នាល្បីទាញទៅភ្លាម.
ដោយសារអ្នកចម្រៀងខ្លះគ្នាថា គ្នាដឹងគុណ មិនព្រមចេញពីខ្ញុំនោះទេ..ទោះអ្នកព្យាយាមធ្វើឲ្យខ្ញុំដួលក៏ដោយ ខ្ញុំនឹងនៅតែបន្តព្យាយាមជួយអ្នកមានសមត្ថភាព មិនចាំបាច់ចាំតែស៊ីពែស្រាប់ទេ….
**ផលិតកម្មខ្លះ បានតែល្អមើលទេ មិនល្អស៊ីទេបងប្អូន ចង់ឲ្យបទល្បីត្រូវការ YouTube ដូចតែគ្នាទេ អ្នកចម្រៀងកុំខ្វាកនឹងផលិតកម្មពេក ចូលទៅជាប់តែកុងត្រានៅហ្នឹងធ្វើអីក៏មិនកើត បើកគេអន់ចិត្តគេឈប់ចេញបទឲ្យទៀត….»។
តាមរយៈនេះ មានការលើកឡើងតាមរយៈខំមិនថា «ខ្ញុំស្មានតែបូទីបណ្តុះតារាដើម្បីនាំគាត់ចូលផលិតកម្ម អ៊ីចឹងរាល់ដងគេចាំតែកេងចំណេញពីប្រូពេកហើយ យើងខំផលិត អ្នកផ្សេងទទួលផល ឈឺចាប់ណាស់, ការពិតចឹងសោះ ស្មានតែប្រូនៅតែមានទំនាក់ទំនងជាមួយខាងផលិតកម្ម,
ពិតមែនហើយ តាមការខ្ញុំមើលឃើញ អ្នកចម្រៀងមួយចំនួនខ្លះ បានល្បីបួន ឬ ប្រាំ បទ ភាគច្រើន គឺ ភ្លេចអ្នកដែលបានជួយអោយល្បីហើយ ពេលមានផលិតកម្ម ណាមួយមកអូសទាញនោះគឺទៅហើយ…, ខ្ញុំយល់ថាអ្នក ដែលបានចូលច្រៀងក្នុងTeam បង បូទី គឺពិតជាសំណាងណាស់ សំណាងជាងចូលផលិតកម្មមួយចំនួនផងយកទៅចេញ 3-4បទ ទុកចោល»៕