ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះគិតរហូតមកដល់ពេលនេះ អ្នកនាង បានសាងភាពល្បីល្បាញនៅផលិតកម្មរស្មីហង្សមាស ប្រមាណជាង១០ឆ្នាំមកហើយ។
ងាកមក លោក មាស សុបញ្ញា ក៏ជាអតីតតារាចម្រៀងនៅផលិតកម្មរ៉ុក ផងដែរ ហើយបានចូលរួមប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី២ ដែលមាន ឱក សុគន្ធកញ្ញា ជាគណៈកម្មការម្នាក់ផងដែរនោះ។
ទោះយ៉ាងណា កាលពីអំឡុងប្រឡងនាឆ្នាំ២០១៦នោះ ហាក់ ពុំសូវមានអ្នកណាចាប់អារម្មណ៍ខ្លាំងចំពោះអតីតតារាចម្រៀងរូបនេះឡើយ។ លុះថ្មីៗនេះ ស្រាប់តែវីដេអូ ពេលប្រឡងត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាថ្មី។
ការបង្ហោះជាថ្មីនេះ ឃើញថា មានអ្នកស្គាល់អតីតតារាចម្រៀងរូបនេះ ច្រើនណាស់ ហើយក៏បានបញ្ចេញមតិថា «ម្ចាស់បទ ថ្ងៃគូរខែគូរ ពីរោះណាស់, ម្ចាស់បទ ទ្រឯកដាច់ខ្សែ, តារាមើលតារាមិនស្គាល់, គាត់ច្រៀងពីរោះជាង ពួកគណៈកម្មការផង, អាណិតតារាជើងចាស់ណាស់, គាត់ច្រៀងជាមួយ ឱក សុគន្ធកញ្ញា ដែរតើ កាលនៅរ៉ុក,
ម្ចាស់បទប្រទីបផ្សងស្នេហ៍, ម្ចាស់បទរាជនីដួងចិត្ត, បើខ្ញុំជាគាត់ ខ្ញុំមិនទៅប្រឡងទេ…,ម៉េចគាត់មិនច្រៀងបទខ្លួនឯងចឹង ព្រោះបទគាត់ល្បីហើយពីរោះទៀត, ចូលចិត្តគាត់ណាស់ តាំងពីគាត់នៅច្រៀងនៅរ៉ុក, ច្រៀងពីរោះជាងខូចមួយចំនួន, វាសនាខុសគ្នា, ធ្លាប់ច្រៀងបទ ជាមួយកញ្ញាសោះ កញ្ញាធ្វើអត់ស្គាល់អីណា»។
តាមរយៈការបញ្ចេញមតិខាងលើឃើញថា មានមតិមួយចំនួនអះអាងថា មាស សុបញ្ញា ធ្លាប់ច្រៀងជាមួយ ឱក សុគន្ធកញ្ញា ទៀតផង។ តែបើតាមការនិយាយរបស់ឱក សុគន្ធកញ្ញា ពេលវាយតម្លៃសំឡេងរបស់ បញ្ញា ហាក់មិនស្គាល់នោះទេ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖