អ្នកគាំទ្រមួយចំនួន បានជ្រាបរួចមកហើយថា នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីរៀបការមិនទាន់បានប៉ុន្មានខែផងនោះ អ្នកនាង ទ្រិញ ផល្លា បានប្រកាសចែកផ្លូវគ្នា ក្រោមហេតុផល Adminជីងចក់ ឆាតទៅសុំស្រីដេកជាច្រើននាក់ ខណៈពេលខ្លួនកំពុងឈឺធ្ងន់ព្យាបាលនៅប្រទេសវៀតណាម ធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមនោះ។
ទោះយ៉ាងណាថ្មីៗនេះ Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានសម្រេចផ្សះផ្សាយកគ្នាជាប្ដីប្រពន្ធវិញ ដោយសារតែចិត្តពួកគេម្នាក់ៗ នៅមិនទាន់អស់អាល័យពីគ្នា ជាពិសេស អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ សន្យាជាមួយប្រជាជន១៦លាននាក់ថា ករណីឆាត ឬលួ,ចមានស្រីនេះ លែងមានទៀតហើយ ហើយបើខ្លួនធ្វើរឿងហ្នឹងទៀតកិត្តិយសកូនប្រុសរបស់ខ្លួន ខ្លួនលែងមានមុខនៅក្នុងបណ្ដាញសង្គមតទៅទៀតហើយ។
ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ស្រាប់តែអ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ប្រកាសតាមចាប់ស្វាមីរបស់ខ្លួន ដែលព្យាយាមរត់គេចទៅកាន់ខេត្តពោធិ៍សាត់ ព្រមទាំងជូនលុយដល់ទៅ១ម៉ឺនដុល្លារ ចំពោះអ្នករាយការណ៍ទៅប៉ូលិស ហើយឈានដល់ការចាប់ខ្លួននោះ។
អ្នកនាង ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ដូច្នេះថា «មនុស្សរត់ទៅពោធិ៍សាត់ អ្នកពោធិ៍សាត់ឃើញប្រាប់ប៉ូលិសចាប់មនុស្សបាន10000$ជិះព្រូសពណ៌ស ជិះគ្នាបីនាក់, នេះជារូបភាពសុំទោសខ្ញុំ កាលពីម្សិលមិញ ពីបទ …. ចាំដោះស្រាយជាមួយប៉ូលិស រត់ទៅពោធិ៍សាត់ជិះព្រូសពណ៌ស ម្ចាស់ឡានឈ្មោះសី ប៉ូលិសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះចក់! Sem PiseyChoeun Chork, ម្ចាស់ឡានដឹកចោរព្រូសសភ្នំពេញ 2BL-0483ប៉ូលិសឃើញឃាត់ផង»។
ការបង្ហោះបែបនេះ មានគេខំមិនថា «ប្តីប្រពន្ធដល់ធ្វើចឹងពេកមិនដឹងនិយាយថាម៉េច»នោះ ស្រាប់តែអ្នកនាង ផល្លា តបថា «ការលើកលែងមានរាប់រយដងហើយ ស្បថព្រះអង្គដងកើក៏មិនតិចដងដែរ, ទ្រាំដឹងតែទ្រាំហើយ ខ្លាចខ្មាសគេ តែហួសហេតុពេក ឈប់ខ្លាចខ្មាសហើយ»។
ចំពោះខំមិនមួយទៀតលើកឡើងថា «ខ្ញុំសុំនិយាយត្រង់ម៉ង អត់បានកាន់ជើងអីទេ បើថាសម្រេចយកគ្នាជាប្តីប្រពន្ធហើយខំហែកហួរគ្នាធ្វើអី? ស្ងាត់ៗខ្លះទៅ រឿងក្នុងគ្រួសារដោះស្រាយស្ងាត់ៗទៅ ផុសរូបប្តីបែបនឹង អ្នកដទៃមើលមកប្តីនឹងអន់មហាអន់ហើយ ការងារប្តីក៏មានមុខមាត់ធ្វើបែបនឹងអ្នកណាទៅគោរពកោតក្រែងគាត់ទៀតទៅ ចេះស្រលាញ់ប្តីតែមិនចេះអោយតម្លៃប្តី មនុស្សប្រុសកិត្តិយសសំខាន់បំផុត»។
អ្នកនាងផល្លា តបថា «បើចេះស្រលាញ់កិត្តិយស អត់វ៉ៃប្រពន្ធក្នុងផ្ទះគេទេ ហើយលួ.ចទ្រព្យប្រពន្ធ»។ បន្ថែមលើនេះ អ្នកនាង ផល្លា បានបង្ហោះលើប្រូហ្វាល់ពូចក់ថា «កើតមកជាប្រុសនឹងគេដែរហ៊ានធ្វើត្រូវហ៊ានទទួល ចូលខ្លួនមកដោះស្រាយតាមច្បាប់ កុំរត់»។
ក្រោយមកសាររបស់នាងបង្ហោះទាំងប៉ុន្មានត្រូវបានលុបចេញអស់ ហើយបង្ហោះសារថ្មី បញ្ជាក់ថា «អ្វី ដែលខ្ញុំផុសនឹង ចាក់សោទុកសិន កំពុងអោយប៉ូលិស មេធាវី ធ្វើការសិន ធ្វើហើយខ្ញុំនឹងដោះសោចេញវិញ គ្រប់យ៉ាងធ្វើទៅតាមច្បាប់ហើយ តិចទៀតគ្រប់យ៉ាងនឹងបញ្ចប់ដោយច្បាស់លាស់ !»។
ក្រោយមកទៀត អ្នកលក់អនឡាញដ៏ល្បីរូបនេះ បានបង្ហោះសារទាំងទឹកភ្នែក១ទៀតថា «ខុសខ្លាំងបំផុតនៅពេលដែលចិត្តទន់ លើកលែងអោយម្ដងហើយម្ដងទៀត ធ្វើដាក់ប្រពន្ធខ្លួនឯងបានគ្រប់រឿង តែពេលប្រពន្ធកាចទៅវិញ ប្រពន្ធមានឈ្មោះជាមនុស្សអាក្រក់ចុះការឈឺចាប់ ដែលទទួលយកគ្រប់រឿងកន្លងមក អ្នកណាខ្លះដែលដឹងថាខ្ញុំឈឺប៉ុនណា ??»។
ទោះយ៉ាងណាសារបង្ហោះក្រោយៗទាំងនេះ ត្រូវបានលុបចោលអស់ផងដែរ ហើយបែរជាចេញAdminជីងចក់ បានប្ដូរប្រូហ្វាល់លើគណនីហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ដោយដាក់Captionដ៏ចាក់ដោតឆ្លើយតបថា «ចោរបងនេះចោរលួចចិត្ត»។ បន្ថែមលើនេះ បុរសទើបលាឈ្មោះជាព្រាននារីរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «អាណាចង់បាន១ម៉ឺនដុល្លា ឆាប់រាយការណ៍ភ្លាម។»៕