ប្រិយមិត្ត បានជ្រាបរួចមកហើយថា ម្តាយរបស់ តារាចម្រៀង និងកំប្លែង សំប៉ូលីដា បានទទួលមរណភាព នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។
ពេលម្ដាយទទួលមរណភាពនោះ សំប៉ូលីដា គ្មានលុយសម្រាប់ធ្វើបុណ្យម្ដាយនោះឡើយ ក៏បានដើរខ្ចីលុយគេ ហើយដំណឹងនេះ ក៏បានលេចឮ ដល់លោកជំទាវ ស្រីនាង និងស្វាមី ទើបអ្នកទាំង២ សម្រេចឧបត្ថម្ភថវិកា ដល់តារាកំប្លែងរូបនេះ ដើម្បីធ្វើបុណ្យជូនម្ដងតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតម្ចាស់អំណោយ និងសកម្មភាពប្រគល់ថវិកាជូន អ្នកនាង សំប៉ូលីដា នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ , លោកអ៊ឹម ជីវ៉ា បានរៀបរាប់ថា «តារាកំប្លែងអ្នកនាង សំប៉ូលីដា គ្មានលុយសុខខ្ចីលុយគេធ្វើបុណ្យម្តាយ! ពេលនេះលោកជំទាវ ស្រីនាង និងស្វាមីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន 1500$ (មួយពាន់ប្រាំរយដុល្លារ) ដើម្បីជួយចាត់ចែងក្នុងពិធីបុណ្យសព»។
លោកអ៊ឹម ជីវ៉ា បានបន្តទៀតថា «សូមថ្លែងអំណរគុណលោកជំទាវ ស្រីនាង និងស្វាមី និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភដល់អ្នកនាងសំប៉ូលីដា សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារមានសុខភាពល្អ រកស៊ីមានបានសម្រេចគ្រប់ភារកិច្ចការងារ។ ដោយក្តីគោរពពីខ្ញុំបាទៈ អ៊ឹម ជីវ៉ា»៕