គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សា ប្រៀបដូចជាសមាជិកគ្រួសារ នៅត្រង់ចំណុចវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ក្រោយពីដកហូត សត្វតោមួយក្បាលនេះ ត្រូវបាន សមត្ថកិច្ចយកទៅលែងនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីគ្រប់គ្រងដោយមន្ត្រីជំនាញ។ ទោះយ៉ាងណា ពេលទៅដល់ទីតាំងថ្មីរួចមក ម្ចាស់តោ ដែលជាជនជាតិចិន បានទៅលេងវា ក្នុងសួនសត្វភ្នំតាម៉ៅ ក្រោយទទួលដំណឹងថា វាមិនព្រមស៊ីចំណីចំនួន ២ថ្ងៃហើយ។
តាមរយៈវីដេអូ យើងឃើញថា ពេលម្ចាស់ទៅដល់, សត្វតោនោះ ចេះខ្លាំងណាស់ ឆ្លេឆ្លារត់ឱបម្ចាស់ ដូចនឹកខ្លាំងណាស់ ហេតុនេះហើយ ធ្វើឲ្យមហាជន កាន់តែអាណិតទឹកចិត្តម្ចាស់ និង កូនតោឈ្មោលនោះ ក៏សុំសំណូមពរឲ្យអាជ្ញាធរ ប្រគល់ទៅឲ្យម្ចាស់ដើមវិញ។
ក្នុងនោះដែរ តារាចម្រៀងសុខ ពិសី ក៏បានសម្ដែងក្ដីអាណិត ជាមួយនឹងការសំណូមពរយ៉ាងទទូចតាមរយៈការបង្ហោះរូបថតសត្វតោនោះ អមដោយសារបែបនេះថា «សូមមេត្តាអនុញ្ញាតអោយតោបានវិលត្រលប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និង ក្រចកអស់ហើយបើខុសឆ្គង សូមអនុគ្រោះ»។
ដោយមិនអស់ចិត្ត តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់នៅក្នុងខំមិនជាបន្តបន្ទាប់ទៀតថា «ខ្ញុំភ្នែកទន់ណាស់ គឺថាស្រក់ទឹកភ្នែកតែម្តងអោយតែសត្វដឹងតែអាណិតម៉ង , ខ្ញុំឮគេថាគេដកចង្កូម និងកាត់ក្រចកវាអស់ហើយអូន ហើយមើលទៅស្លូតទើបដាច់ចិត្តសុំណាអូន»។
គួរបញ្ជាក់ថា ក្នុងការដកហូតសត្វតោ កាលពីពេលថ្មីៗកន្លងទៅនេះ សមត្ថកិច្ចធ្វើទៅតាមច្បាប់ ដែលបានកំណត់ច្បាស់ថា ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត»៕