ប្រិយមិត្តមួយចំនួន ទំនងជា បានជ្រាបរួចមកហើយថា ក្នុងអំឡុងមានផ្ទៃពោះកូនទី១នោះ ស្រីអូន បានជួបរឿងជាច្រើន ធ្លាប់ត្រូវគេរិះ,គន់សព្វគ្រប់បែបយ៉ាង តែនាងនៅតែស៊ូទ្រាំរហូតទទួលបានសុភមង្គលគ្រួសារដូចសព្វថ្ងៃនេះ។
ទោះយ៉ាងណា នៅពេលនោះស្រីអូន មិនបានបញ្ជាក់ថា អ្នករិះ,គន់នាងនោះជាអ្នកណានោះឡើយ តែដឹងត្រឹមថា មិនមែនជាប្ដីឡើយ ព្រោះពួកគេស្រឡាញ់គ្នាចាក់ទឹកមិនលេចនោះទេ ហើយកន្លងមក ស្រីអូនតែងតែលើកសរសើរស្វាមីរបស់ខ្លួនមិនដាច់ពីមាត់នោះឡើយថា ជាប្ដីល្អ ធ្វើឲ្យនាងមានសុភមង្គលនោះ។
ជាក់ស្ដែង ស្រីអូន ធ្លាប់លើកឡើងនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនថា «មនុស្សម្នាក់ ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី, មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី, មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលើលោកនេះគឺ លោកប្ដី,
ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វើ, ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វើ ជាទីប្រឹក្សាដ៏ល្អ។ សុំទោសប្ដីសំលាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»។
ការអះអាងនាពេលនោះ ក្នុងអំឡុងអ្នកនាង និងស្វាមី មានកូនស្រីតូចដ៏គួរឲ្យស្រឡាញ់ម្នាក់ មានមុខមាត់កាត់ទៅរកឪពុក។ ប៉ុន្តែពេលនេះ ស្រីអូន បានទទួលដំណឹងល្អមួយទៀតហើយ ដោយកំពុង ពពោះកូនទី២។
បង្ហោះភ្ជាប់ជាមួយរូបថតគ្រួសាររបស់ខ្លួន និងលទ្ធផលពិនិត្យទឹកនោមឃើញ២កាំ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ ស្រីអូន បានបង្ហាញក្ដីសង្ឃឹមថា «ស្រីតូចមានប្អូនហើយ សង្ឃឹមចង្ការវី មាត់បេះដូងដូចគ្នា តែមុខដូចម៉ែវិញណាកូនកុំអោយម៉ែពពោះ៩ខែ១០ថ្ងៃមុខឪទាំងអស់ចឹងពេក ម៉ាក់ៗណាខ្លះចឹងដែរ? សំខាន់កូនស្រីតាមឪជាងម៉ែទៀត ធីមកូនមុខកាត់ទៅប៉ាទាំងអស់»។
តាមរយៈនេះ អ្នកគាំទ្រ បានចូលរួមអបអរសាទរព្រោងព្រាត ក្នុងនោះអ្នកខ្លះលើកឡើងថា «មែនហើយចែខ្ញុំក៏ចឹងដែរខំពពោះ៩ខែ គ្មានកាត់រកម៉ាក់អីម៉ាតិច ហើយតាមប៉ាៗជាងម៉ាក់ៗទៀត, កាត់តាមប៉ាក៏ស្អាត.កាត់តាមម៉ាក់ក៏ស្អាតដែរ មិនជាអ្វីទេ, ចាស់ៗពីសម័យបុរាណ លោកពោលថា កូនស្រីបើមានមុខមាត់កាត់ដូចឪពុកជាកូនស្រី ដែលមានសំណាងល្អណាស់ ហើយបើប្រុសវិញមុខដូចម្តាយ គឺកាន់តែមានសំណាងខ្ពស់ទៀតផង ដូច្នេះទេបងស្រីចិត្តព្រះ កុំតូចចិត្តអី ហិហិហិ»៕