ខេត្តបាត់ដំបង ៖ ពិតជាដំណឹងមួយដ៏សែនសោកសៅបំផុតសម្រាប់បងប្អូនសាច់ញាតិ និងក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ ស្រី បណ្តូល ដែលជាស្ថាបនិកមួយរូបក្នុងអង្គការហ្វារពន្លឺសិល្បៈ ខណៈដែលលោកបានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែសីហា ២០២១នេះ ដោយសារជំងឺកូវីដ-១៩ ។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ។
គួរបញ្ជាក់ថា លោក ស្រី បណ្តូល មានវ័យ៤៦ឆ្នាំ ដែលបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តបាត់ដំបង មានការមើលថែពីប្រពន្ធរបស់គាត់ផងដែរ ហើយលោកហាក់ដូចជាប្រសើរឡើងនៅរសៀលថ្ងៃទី០៤ ខែសីហាម្សិលមិញនេះ ប៉ុន្តែគួរឲ្យសោកស្តាយ នៅវេលាល្ងាចថ្ងៃដដែលនេះ លោកបានធ្លាក់ចុះយ៉ាងឆាប់រហ័ស រហូតដល់បាត់បង់ជីវិត ។
ហ្វារ គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយសហស្ថានិក៩នាក់ ដែលបានរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ ។ សព្វថ្ងៃអង្គការនេះ នៅតែផ្តល់ឱកាសឲ្យកុមារក្រីក្រ និងកុមារមានវិបត្តិរាប់ពាន់នាក់ បានចូលរៀនសិល្បៈ និងចំណេះដឹងទូទៅ អនុវត្ដដូចជា ការគូររូប ជីវចលនា ការថតរូប ការរចនាក្រាហ្វិច និងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្តែងដូចជា តន្ត្រី ល្ខោន របាំ និងការលោតហក់(កីឡា)ជាដើម ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖