ប្រិយមត្ត អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយថា តារាចម្រៀង ករុណា ពេជ្រ បានចំណាយពេលប្រមាណជាង៣ឆ្នាំមកហើយ ក្នុងការមើលថែឪពុករបស់ខ្លួន ដែលកំពុងមានជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាលរស់នៅប្រៀបដូចមនុស្សរុក្ខជាតិនោះ។
ស្របពេលកំពុងបៀមទុក្ខក្រៀមក្រំ ស្រាប់តែថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្រ ត្រូវជួបក្ដីបារម្ភធំថ្មីមួយបន្ថែមទៀត បន្ទាប់ពីម្ដាយ ដែលកំពុងរស់នៅប្រទេសបារាំង បានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ដោយសារតែមានស្ថានភាពចុកមួយចំហៀងខ្លួន រហូតដល់ថ្នាក់មិនអាចកម្រើកដៃជើងម្ខាងបាននោះ។
តារាចម្រៀង ករុណា ពេជ្រ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃសៅរ៍កន្លងទៅ ម្ដាយរបស់លោកនៅសុខៗ ស្រាប់តែមានអាការៈចុកមួយចំហៀងខ្លួន ហើយដៃជើងទៅជាកម្រើកលែងកើត ទាញភ្នែកទាញមាត់ រហូតដល់ដើរក៏លែងរួច ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកគាត់ទៅកាន់មន្ទីរពេទ្យ ។
លោក បន្តថា រហូតមកដល់ពេលនេះ គឺផ្នែកមួយចំហៀងខ្លួនខាងឆ្វេង កម្រើកលែងរួចទាំងដៃនិងជើង និងទាញផ្ទៃមុខម្ខាងផងដែរ។ ទោះបីជាយ៉ាងណា នៅថ្ងៃម្សិលមិញនេះ តារាចម្រៀង ករុណា ពេជ្រ បានបញ្ជាក់ថា ម្ដាយរបស់លោកត្រូវបានបញ្ជូនចូលទៅក្នុងបន្ទប់ថតមើល តាមរយៈម៉ាស៊ីនធំអឹមរ៉ាយ ហើយរកឃើញថា មានជំងឺម្យ៉ាងស្រដៀងនឹងជំងឺស្ទះសរសៃឈាម ដែលធ្វើឲ្យឈាមមិនអាចរត់ទៅកាន់សព្វសារពាង្គកាយបានឡើយ។
លោកបន្តថា ជុំវិញបញ្ហានេះ គ្រូពេទ្យតម្រូវឲ្យសម្រាកព្យាបាលរយៈពេល ២សប្ដាហ៍ ទៅ១ខែ ដើម្បីតាមដានស្ថានភាពជំងឺរាល់ថ្ងៃ ហើយនៅល្ងាចថ្ងៃទី០៣ ខែសីហា នេះ ទើបក្រុមគ្រូពេទ្យប្រាប់ពីស្ថានភាពជំងឺបន្ថែមទៀត ហើយលោកក៏កំពុងទន្ទឹងរង់ចាំមើលពីលទ្ធផលដូចគ្នា។
ក្រោយពីសារភាពមួយចំនួន បានចាប់អារម្មណ៍រឿងគ្រួសារលោក ហើយយកទៅចុះផ្សាយនោះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នោះ ផងដែរ តារាចម្រៀង ករុណាពេជ្រ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «សូមអោយម៉ែ ឆាប់បានជា ប្រសើរឡើងវិញ…
អរគុណ បងៗ សារព័ត៌មាន ដែលតែងតែ ផ្តោតរាល់រឿងរ៉ាវជុំវិញផ្ទាល់ខ្លួនរបស់ខ្ញុំ ទោះបីខ្ញុំខកខានបង្ហាញចម្រៀងជូនបងប្អូនអស់រយៈកាលជិត 4 ឆ្នាំទៅហើយ…ហើយអរគុណ ទឹកចិត្តរបស់បងប្អូនក្នុង Facebook ដែលតែងតែផ្តល់ការជូនពរ ជាកម្លាំងចិត្តដល់ក្រុមគ្រួសារខ្ញុំកន្លងមក….»៕