និយាយដល់ឈ្មោះ Ah Gi Leader ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយថា រូបនាង ជានារីវ័យក្មេងម្នាក់ ដែលជោគជ័យលើវិស័យលក់ផលិតផលតាមអនឡាញ ហើយធ្លាប់អះអាងថា ក្នុង១ថ្ងៃខ្លួនអាចរកបានក្នុងចន្លោះពី ២ម៉ឺន ទៅ៥ម៉ឺនដុល្លារនោះ។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ទៀតនោះ ក្នុងពិធីភ្ជាប់ពាក្យរបស់នាងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នោះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃកន្លះលានផងនោះ។
ជុំវិញការអះអាងពីការរកចំណូលបានយ៉ាងច្រើន និងថ្លៃបណ្ដាការកប់ពពកខាងលើនេះ សុទ្ធតែទទួលបានការរិះគន់មួយចំនួនដូចគ្នា។ ទោះយ៉ាងណា អាជី សុទ្ធតែចេញមុខធ្វើការបកស្រាយរួចអស់ហើយ កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រោយពីរងការរិះគន់មួយចំនួននោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ អាជី បានទទួលការកោតសរសើរពីអ្នកគាំទ្ររបស់ខ្លួនវិញ បន្ទាប់ពីនាង បានបរិច្ចាគថវិកា និងសម្ភារៈជួយដល់វត្តមួយ ដែលខ្វះខាត ស្ថិតក្នុងខេត្តកំពង់ស្ពឺនោះ។
ជាក់ស្ដែង ជាការអរគុណ លោកអ៊ឹម ជីវ៉ា បានបង្ហោះរូបថត អមដោយសារបែបនេះថា «សូមអរគុណដល់ប្អូនស្រី អាជី ដែលមានសទ្ធាជ្រះថ្លាបានចូលបច្ច័យចំនួន300$ ក្បឿងចំនួន 600ដុំ តាមរយៈបងដើម្បីជួយប្រក់ដំបូលសាលាឆាន់
ដែលវត្តនេះមានការខ្វះខាតក្បឿងប្រក់ដំបូលសាលាឆាន់ចំនួន ៣០០០ដុំ! ក្នុង១ដុំតម្លៃ២០០០រៀល ដែលស្ថិតនៅវត្តផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ! សូមជូនពរប្អូនស្រីមានសុខភាពល្អ សុខសុភមង្គលរកស៊ីមានបាន។ ដោយក្ដីគោរពពីបង អ៊ឹម ជីវ៉ា»៕