ភ្នំពេញ ៖ បើនិយាយដល់គ្រួសារត្រកូល «ខាត់» ច្បាស់ណាស់ប្រិយមិត្តប្រាកដជានឹកដល់កេរ្តិ៍ឈ្មោះដ៏ពីរោះ និងក្រអូបសាយ របស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាតារាមួយរូប មានភាពល្បីល្បាញខ្លាំងក្នុងចំណោមតារាជាច្រើនទៀតក្នុងសង្គមសិល្បៈខ្មែរ។
លើសពីនេះ នាងក៏ជាសិល្បការិនីឆ្នើមមួយរូបដែលបានខិតខំប្រឹងប្រែងដុតដៃដុតជើង ជួយចែករំលែក ថែរក្សា និងគាំទ្របំផុសគំនិតពីសិល្បៈបុរាណខ្មែរជាច្រើនទៅកាន់មហាជនផងដែរ។
ទោះយ៉ាងណា ប្រិយមិត្តទំនងជាមិនបានដឹងទេថា ប្រវត្តិនៃកាតស៊ូរបស់កូនស្រីច្បងនៃគ្រួសារត្រកូល «ខាត់» រូបនេះ ទម្រាំទទួលបានភាពល្បីល្បាញចាស់ក្មេងស្គាល់ពេញប្រទេសដូចសព្វថ្ងៃ បានឆ្លងកាត់រឿងជាច្រើន និងមានការលំបាកប៉ុណ្ណាឡើយ។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចូលប្រឡូកក្នុងវ័យសិល្បៈតាំងតែពីអាយុ៥ឆ្នាំ នឹងហាត់រៀនសិល្បៈបុរាណ និងភ្លៀងប្រពៃណីខ្មែរជាមួយបងប្អូន និងមានឪពុកបង្កើតជាគ្រូ គឺលោក លាវ ខាត់ ។
តាមការឱ្យដឹង, ខាត់ សុឃីម មានបងប្អូនចំនួន៧នាក់ ប៉ុន្តែកាលពីពេលចាប់ផ្ដើមហាត់រៀនសិល្បៈនោះ ប្អូនៗចំនួនពីរនាក់នៅក្មេងពេកមិនទាន់ហាត់រៀនបាន ហើយក្នុងបងប្អូនដែលបានហាត់រៀនសិល្បៈទាំងអស់ គឺមានតែ ខាត់ សុឃីម ម្នាក់ប៉ុណ្ណោះដែលមានភាពលេចធ្លោជាងគេ ហើយនាងក៏ចាប់ផ្ដើមមានភាពល្បីល្បាញ និងមានមានគេស្គាល់កាន់តែច្រើននៅពេលដែលឈានជើងចូលប្រឡូងក្នុងសិល្បៈសម័យ នៅក្នុងឆ្នាំ១៩៩៥។
ក្នុងកំឡុងពេលចូលប្រឡូកក្នុងសិល្បៈសម័យដំបូងនោះទៀតសោត គឺតារាពហុជំនាញរូបនេះចេះច្រៀងចម្រៀងសម័យប៉ុន្មានតែពីរបទប៉ុណ្ណោះ គឺបទ «ស្រលាញ់អូនដល់ណា» និងបទ «ស្គាល់រសជាតិស្នេហ៍» ។
យ៉ាងណាដោយមានការខិតខំប្រឹងប្រែង តស៊ូជិត៤ទសវត្សរ៍មកដល់ពេលនេះ បងប្អូនគ្រួសារត្រកូល «ខាត់» ពិសេសគឺ ខាត់ សុឃីម ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងជោគជ័យលើមុខជំនួញធំៗជាច្រើនថែមទៀតផង៕