លោកអ្នក បានជ្រាបរួចមកហើយថា តារាចម្រៀងតន់ ចន្ទសីម៉ា ជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ហើយមាននិស្ស័យសិល្បៈទាំងពីកំណើត ដោយនាងមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។
ពេលឈានជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វី ដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿង ដែលនាងត្រូវធ្វើពេលនោះ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាង ក៏មិនជាធូរធារដែរ។
ទោះយ៉ាងណានៅពេលនោះ ដោយសំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើមឡើង។
ក្រោយពីច្រៀង នៅក្នុងហាង បានមួយរយៈធំ នាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកThe Voice Cambodiaរដូវកាលទី២ ដោយចូលរួមប្រឡងក្នុងអំឡុងឆ្នាំ២០១៦ ហើយគិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណ៦ឆ្នាំហើយ។
នៅក្នុងកម្មវិធីនេះ ទោះនាងមិនទទួលបានជ័យលាភក៏ពិតមែន តែពេលនេះ តន់ ចន្ទសីម៉ា បានក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ផលិតកម្មGalaxy Navatra ហើយភាពល្បីល្បាញរបស់នាងមិនចាញ់ម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះឡើយ។
នៅក្នុងកម្មវិធីនោះ សីម៉ា បានបញ្ជាក់ កាលពីអំឡុងឆ្នាំ២០១៦ ថា ខ្លួនមកពីខេត្តតាកែវ មានអាយុ១៧ឆ្នាំ។ ដូច្នេះ បើគិតរហូតមកដល់ សីម៉ា អាចមាន័យ២៣ ឬ២៤ឆ្នាំទៅហើយ។ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ សីម៉ា បង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រាប់ថា «ចូលឆ្នាំថ្មីនេះ18ឆ្នាំល្មម 18ជារៀងរហូត»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បាននាំគ្នា ខំមិនស្រដៀងៗគ្នាថា «២៤ ហើយឆ្នាំថ្មីនេះ, ល្មមដួលលើទ្រូងបង, 30ហើយidol, មិនជឿនទេបងអាយុដូច24ឆ្នាំបង, លឺគេថា24??, ខ្ញុំឮដំណឹងថាបងសីម៉ាមានសង្សារហើយ, កាលប្រលង The Voice 2016 អាយុ 17 ឥលូវ គួរតែអាយុ 23 ឆ្នាំ, 24 សោះនិងអាយដល, ដួលម៉ូតូដួលកង់មិនស្មើឈឺស្មើidolនិយាយថា១៨ឆ្នាំល្មម»។
ជាការឆ្លើយតបទៅនឹងការបញ្ចេញមតិខាងលនេះ សីម៉ា បានបញ្ជាក់ស្រដៀងៗគ្នាដែរថា «ខំលាក់សឹងអី, កុំមាត់ប្រាប់គេអូន, ដឹងមកពីណា បងsigleច្បាស់ចែសអូន»។
គួរបញ្ជាក់ថា ម្ចាស់បទ «ចង់ដួលលើទ្រូងបង» កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងម្នាក់ ដែល ដឹងគុណគ្រូ និងឲ្យតម្លៃទៅលើអ្នកនិពន្ធ ដោយថ្មីៗនេះ រូបនាង ទើបតែទៅជួបកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា ដើម្បីសួរសុខទុក្ខ និងសម្ដែងការដឹងគុណ ខណៈកន្លងមក នាងបានប្រកាសផ្ដល់ចំណូលមកឲ្យលោកយឹម តាស្រង់ ជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់របស់នាងនោះ៕