គេនៅចាំបានថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុកផ្លូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូមួយរបស់ក្មួយស្រីម្នាក់ ឈ្មោះណាណា ដោយក្នុងវីដេអូនោះ ក្មួយស្រីរូបនេះ បាននិយាយរៀបរាប់ពីចាក់វ៉ាក់សាំង។
ណាណា រៀបរាប់ថា «ណាណា ពិបាកចិត្តណាស់ ដោយសារតែណាណា ចង់ចាក់វ៉ាក់សាំងការពារកូវីដ ប៉ុន្តែ ណាណា អត់ទាន់គ្រប់អាយុចាក់ទេ ចឹង ពេលណាណា ទៅចាក់ គេអត់ទទួលទេ ហើយបើណាណា អត់បានចាក់ ណាណា រស់ដោយភាពភ័យខ្លាចម៉ង….»។
តាមរយៈវីដេអូនេះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ខណៈ ណាណា នៅក្មេងសោះ មានគំនិតចាស់ទុំ យល់ដឹងបានច្រើនគួរឲ្យសរសើរ សម្ដីសម្ដៅគួរឲ្យស្រឡាញ់ និងបង្កប់គំនិតអប់រំទៀតផង។
ក្រោយមកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឧកញ៉ា ហ៊ួត ជា បានជួប ណាណា ដោយផ្ទាល់ ថែមទាំងបានជូន ថវិកា ទូរទស្សន៍ សម្ភារសិក្សា និងកាដូ ជាច្រើនទៀត ជាមួយនឹងការបង្ហោះសារបញ្ជាក់ថា «ថ្ងៃនេះសប្បាយចិត្តជួបក្មួយ ណាណា មានដុងទេពកោសល្យ ពីធម្មជាតិ កម្ររកបាន និងបានស្តាប់សម្តីផ្ទាល់ សែនស្រលាញ់ ពូមានតែរបស់អនុស្សាវរីយ៍បន្តិចបន្តួចជូនក្មួយ»។
អ្វី ដែលកាន់តែធ្វើឲ្យមហាជនស្ងើចសរសើរទៀតនោះ ណាណា មិនត្រឹមតែយល់ដឹងបានច្រើនពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ ថែមទាំងមានវីដេអូ អប់រំជាច្រើនទៀត ស្ដាប់ហើយមានអារម្មណ៍ថា ណាណា មិនដូចកូនក្មេងនោះទេ សម្ដីសម្ដៅមានការយល់ដឹង គួរឲ្យគោរព ស្រឡាញ់។
ទោះយ៉ាងណា ឃើញណាណា ឆ្លាតអញ្ចឹងក៏ពិតមែន តែតាមរយៈវីដេអូ បទសម្ភាសន៍ជាមួយឧកញ៉ា ហួត ជា ឃើញថា ណាណា ទើបតែរៀនថ្នាក់មតេយ្យប៉ុណ្ណោះ មិនទាន់ទាំងចេះអានអក្សរផង តែគំនិតវិញ មនុស្សចាស់សុំខ្មាសតែម្ដង៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖