ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការ កាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ងាកមកមើលមើលលោក ឌួង ឆាយ ជាឪពុក តាំងពីយកកូនមកលេង កាលពីអំឡុងទិវានារីអន្តរជាតិ ហើយយកឲ្យអតីតភរិយាវិញ មិនតាមការកំណត់នោះ លោក បានខកខានជួបកូនអស់រយៈពេលជាច្រើនខែមកហើយ ទើបតែថ្ងៃខួបកំណើតកូន លោកមានឱកាសជាថ្មី។
នៅថ្ងៃខួបកំណើតអូនភើល កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នោះ លោក ឌួង ឆាយ មានឱកាសជួបកូនដោយផ្ទាល់ ហើយបង្ហោះរូបថតរៀបចំពិធីខួបកំណើតឲ្យកូនស្រីបណ្ដូលចិត្ត អមដោយសារជូនពរថា «រីករាយថ្ងៃខួបកំណើតគម្រប់ខួប២ ឆ្នាំណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងល្អក្នុងជីវិត»។
លោក ឌួង ឆាយ បានបន្ត ដោយបង្ហាញក្ដីសង្ឃឹមថា «ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសម្រាប់កូនៗណា។ សូមអរគុណបងស្រី ដែលខំចំណាយពេលវេលាផ្ទាល់ខ្លួននាំកូនៗខ្ញុំមកធ្វើខួបជាមួយខ្ញុំក្រោយបែកកូនៗជិត 5 ខែកែវភ្នែកពុក ឌួង ឆាយ»។
ដោយឡែកនៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បាននាំអូនភើលទៅញុំាអាហារ អមដោយសាររៀបរាប់យ៉ាងរំជួលចិត្តថា «មិនបានអង្គុយញាំបាយជិតកូនបែបនេះជិត៥ខែ អារម្មណ៍ដែលពិបាកពណ៌នាជាទីបំផុត»។
អតីតឧកញ៉ា រូបនេះ បានបន្ត ដោយលើកជាសំណួរថា «តើពូមីងបងប្អូនណាខ្លះដែលយល់អារម្មណ៍ខ្ញុំបាទ? អរគុណបងស្រីចំពោះរូបថតដ៏ពិសេសមួយនេះ ,កែវភ្នែកពុក, ឈាមខាប់ជាងទឹក ស្នាមញញឹមកូនជាកម្លាំងចិត្តសម្រាប់ពុក ឌួង ឆាយ»។
ចំណែកអ្នកនាង ដេត ម៉ាលីណា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក៏បានរៀបចំពិធីខួបកំណើតយ៉ាងពិសេសឲ្យកូនស្រីផងដែរ ព្រមទាំងបានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារជូនពរដែរថា «រីករាយថ្ងៃខួបកំណើតកូនស្រីពៅសំណព្វចិត្តម៉ាក់ ឆ្នាំនេះមិនបានរៀបចំអោយធំដុំទេ ប៉ុន្តែឆ្នាំនេះម៉ាក់បានដេគ័រប៉េងប៉ោងដោយផ្ទាល់ដៃម៉ាក់ កម្មវិធីឆ្នាំនេះតូចមែនប៉ុន្តែមានន័យសម្រាប់ម៉ាក់និងកូនកូនរបស់ម៉ាក់ម៉ាក់ ស្រលាញ់កូនទាំងបីស្មើជីវិតមិនអាចខ្វះនរណាម្នាក់បានទេ Duong Reachnikuch ឌួង រាជនីគុជ»៕