រាជធានីភ្នំពេញ៖ មហាជនច្បាស់ជាជ្រាបហើយថា កាលពីកំឡុងខែតុលា ឆ្នាំ២០២០ តារាសម្ដែងស្រីរាងតូចច្រឡឹង ឌី សូនីតា បានចេញមុខសារភាពត្រង់ៗឥតលាក់លៀមថា ខ្លួនកំពុងពពោះកូនដំបូងជិតគ្រប់ខែ រួមតារាសម្ដែងប្រុសលោក អេឡិច ហ្សូរ៉ា ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនខែ។
ចំពោះមូលហេតុ ដែលនាងទើបចេញមកបកស្រាយ គឺដោយសារនាងមានជំងឺប្រចាំកាយ ហើយក៏មិនសង្ឃឹមថា កូនក្នុងផ្ទៃនេះ អាចនៅជាប់ជាមួយនាងឡើយ ទើបនាងមិនអាចទម្លាយប្រាប់គ្រប់គ្នាឱ្យបានដឹងឮ ដោយក្នុងការបកស្រាយនោះ នាងក៏បានលើកដៃសំពះសុំទោសបងប្អូនមហាជនអ្នកគាំទ្រគ្រប់គ្នាទាំងទឹកភ្នែកផងដែរ។
លុះរំលងបានជិតមួយឆ្នាំ ពោលគឺក្រោយសម្រាលបានកូនស្រីដំបូងជាចំណងដៃស្នេហ៍បានជាង៩ខែរួចមក គូស្នេហ៍ផ្អែមល្ហែមរបស់ អេឡិច ហ្សូរ៉ា បានដាច់ចិត្តទម្លាយវីដេអូមួយរបស់ខ្លួន កំឡុងពេលពពោះកូនបាន៣ខែ ហើយត្រូវជិះរទេះរុញថែមទៀតផង ព្រោះពិបាកក្នុងការដើរដោយសារនាងមានជំងឺជាប់ខ្លួន។
តាមរយៈវីដេអូនោះគេមើលឃើញថា នាងពិតជាប្រែប្រួលសម្រស់ និងមានការលំបាកខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនផ្ទុះក្ដីអាណិតអាសូរដល់នាងជាខ្លាំង។
ដោយឡែកនៅពីលើវីដេអូទម្លាយការលំបាករបស់ខ្លួនកំឡុងពេលពពោះនោះ ឌី សូនីតា អ្នកម្ដាយវ័យក្មេងបេះដូងពោរពេញដោយក្ដីស្រឡាញ់រូបនេះ បានភ្ជាប់ជាមួយសំណេររៀបរាប់ដូច្នេះថា «ម៉ាមីសុំបើកបង្ហាញវីដេអូខ្លីបន្តិចកាលម៉ាមីអង្គុយលើរទេះរុញ ពេលអូនស្មាយ៍នៅក្នុងពោះម៉ាមី៣ខែ ហើយម៉ាមីនឹងសន្យាថាផុសវីដេអូកាលម៉ាមីពពោះរហូតដល់សម្រាលអូនស្មាយ៍ ថាម៉ាមីលំបាកប៉ុណ្ណា ឆ្លងកាត់អីខ្លះជូនអ៊ុំពូមីងតាមក្រោយចាស»៕ ប្រភព ៖ តារាញូស៍