ណុប បាយ៉ារិទ្ធ ឆ្លើយតបភ្លាមទៅ សេន រ៉ានុត ចំពោះបញ្ហាមួយនេះ

តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសលោក ណុប បាយ៉ារិទ្ធ បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់អតីតតារាចម្រៀងលោក សេន រ៉ានុត ដើម្បីធ្វើការពន្យល់ពីហេតុផលមួយចំនួន បន្ទាប់ពីអតីតតារាចម្រៀងរូបនេះបានធ្វើការគាំទ្រចំពោះការលើកឡើងរបស់តារាចម្រៀងលោក យ៉ែម សំអូន កាលពីពេលថ្មីៗនេះ។

លោក យ៉ែម សំអូន បង្ហាញពីភាពនឿយណាយនឹងការងារសិល្បៈ ដែលលោកយល់ថា មានតែការរាប់អានគ្នាបែបក្លែងក្លាយ រហូតរូបលោកប្រលយពាក្យចង់ដើរចេញពីសិល្បៈទៀតផង។ នៅក្នុងនោះតារាសម្តែងរូបនេះ បានបន្ថែមទៀតថា គ្រប់រឿងដែលកើតឡើងពីការសម្តែងទាំងនេះ លោកដឹងទាំងអស់ តែលោកធ្វើមិនដឹង។មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងព្រលយពាក្យសួរទៅកាន់អ្នកគាំទ្ររបស់លោកថា៖ “បើថ្ងៃណាមួយលោកឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្តាយលោកទេ”។

សំណេរនេះត្រូវចែកចាយបន្តដោយអតីតតារាចម្រៀងលោក សេន រ៉ានុត ដោយបានបង្ហាញចេតនាគាំទ្រ ហើយអះអាងថា នោះក៏ជាមូលហេតុដែលរូបលោកលាលែងពីសិល្បៈ ដោយគ្រាន់តែច្រៀងម្ដងម្កាលប៉ុណ្ណោះ។

ភ្លាមៗគេឃើញ តារាចម្រៀងរបស់ហង្សមាស លោក ណុប បាយ៉ារិទ្ធ បានចូលទៅបញ្ចេញមតិឆ្លើយតប ដោយជំរុញឲ្យអតីតារាចម្រៀង សេន រ៉ានុត ទទួលយកនូវអ្វីជាការពិត និងគិតរឿងល្អៗក្នុងជីវិត ជាពិសេសត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ ព្រមទាំងជឿជាក់លើខ្លួនឯង។

ណុប បាយ៉ារិទ្ធ រៀបរាប់ថា៖ “បើយើងច្បាស់ថា យើងមិនបានសាងការឈឺចាប់ ធ្វើខុសទៅលើនណាម្នាក់សូម នុត កុំខ្វល់ ដកកង្វល់ ដកសម្ពាធចេញពីខ្លួនយើងឲ្យអស់ រក្សាចិត្ត គំនិតទុកគិតរឿងល្អៗ រក្សាជីវិតដ៏មានតម្លៃរបស់យើងធ្វើអ្វីៗសម្រាប់ខ្លួនឯង និងមនុស្សដែលគេផ្ដល់ការស្រលាញ់រាប់អានពិតដល់យើង ។ សូមកុំខ្វល់ នឹងគេស្រលាញ់យើងឬអត់ ស្រលាញ់ស្មោះឬអត់ សំខាន់យើងបានឲ្យការស្រលាញ់ទៅគេឬនៅ? បើបានទៅគេហើយ គេទទួលមិនទទួលយក ជាបុណ្យគេ បង្ខំមិនបាន គេមិនមានបុណ្យនឹងទទួលយកការស្រលាញ់ពីយើង “។

ណុប បាយ៉ារិទ្ធ បន្តថា៖ “ រឿងសិល្បៈដូចគ្នាដែរ យើងធ្វើសម្រាប់អ្នកស្រលាញ់ និងគាំទ្រយើង អ្នកដែលមិនពេញចិត្តយើង កុំខ្វល់ ព្រោះគេបានជាមិនពេញចិត្តហើយ ធ្វើដល់ស្លាប់នៅតែមិនពេញចិត្តគេដដែលរំលងទៅ ។ មិត្តភាពក្តី យើងអាចចូលទៅនៅក្នុងចិត្តគេបាន តែមានតែអ្នកដែលស្រលាញ់រាប់អានយើងទេ ទើបព្រមមកនៅក្នុងចិត្តយើង។ ដូច្នេះអ្នកមិនចង់រាប់អានរំលងទៅ កុំឲ្យគាត់ពិបាកតឹងចិត្តក្នុងការសម្តែងជាមួយយើង”។

សូមបញ្ជាក់ថា អតីតតារាចម្រៀង សេន រ៉ានុត ធ្លាប់មានកេរឈ្មោះបោះសំឡេងក្នុងវិស័យចម្រៀងអំឡុងជាង១០ឆ្នាំមុនតាមរយៈបទចម្រៀងជាច្រើនដូចជាបទ “ចិត្តខ្លែង” និងបទ “ចាញ់បាល់” ជាដើម និងបទមួយចំនួនសម្រាប់ផលិតកម្មក្រៅស្រុក។ ប៉ុន្តែល្បីល្បាញមិនទាន់បានប៉ុន្មានផង ស្រាប់តែបាត់ដំណឹងរូបលោកឈឹ និងបានដកខ្លួនបន្តិចម្ដងៗពីវិស័យសិល្បៈ ខណៈដែលការពិតត្រូវបានលាតត្រដាងក្នុងពេលនេះ គឺដោយសារតែការច្រណែន ពីសំណាក់អ្នករួមអាជីពជាមួយគ្នា៕

Related posts

Leave a Comment