ករណី Tangmo ស្លាប់ នៅតែជាប្រធានបទដ៏រសើប និងជាទីចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងបណ្ដាញសង្គមរបស់ថៃ ហើយរឿងរ៉ាវមួយចំនួនរបស់នាងពេលនៅមានជីវិត ពិសេសរឿងស្នេហា ក៏ត្រូវបានគេលើកយកមកធ្វើប្រធានបទផងដែរ។
ច្រើនឆ្នាំមកនេះ, តារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូត មហាជនដាក់រហ័សនាមឲ្យនាងថា ជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។
ទោះយ៉ាងណា អ្វីដែលនឹកស្មានមិនដល់ និងធ្វើឲ្យមហាជនអាណិតនាង កាន់តែខ្លាំងនោះ នៅពេលដឹងថា មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមគ្រួសារ និង មិត្តជិតស្និទ្ធរបស់តារាស្រី Tangmo បានរៀបចំពិធីបុណ្យសព ជូនដំណើរលាជាចុងក្រោយ ដោយមានការជួយរៀបចំពីសំណាក់តារារៀមច្បង Aum Patcharapa និង A Supachai។
ក្នុងនោះ Bird ដែលជាគូស្នេហ៍របស់នាង ក៏បានបង្ហាញខ្លួននៅក្នុងទិដ្ឋភាពបុណ្យនោះដែរ។ វាពិតជាធ្វើឱ្យមហាជនស្រណោះកាន់តែខ្លាំង ខណៈឃើញរូបភាពរបស់លោកឈរកាន់បាច់ផ្កានៅខាងមុខរូបថតគូស្នេហ៍ទាំងទឹកមុខស្រងូតស្រងាត់។ លើសពីនេះទៅទៀត លោកថែមទាំងបានពោលពាក្យយ៉ាងដូច្នេះថា ៖ «អគុណសម្រាប់ប៉ោងប៉ោងណ៎ា សង្ឃឹមថា Mo នឹងចូលចិត្ត»។
ការបង្ហាញវត្តមានក្នុងពិធីនោះ លោកមិនបានផ្តល់បទសម្ភាសអ្វីនោះឡើយ ដោយ Mo Amena បានចេញមុខជំនួសប្រាប់ថា ៖ «បច្ចុប្បន្ន ស្ថានភាពផ្លូវចិត្តបង Bird គឺនៅគ្រាំគ្រា មិនទាន់ប្រសើរនៅឡើយទេ មិនមែនបានន័យថាគាត់វាយឫក មិនចង់ជួបបងៗអ្នកសារព័ត៌មាននោះឡើយ តែគាត់មិនទាន់ធ្វើចិត្តបាននៅឡើយទេ ហើយគាត់តែងយំជាញឹកញាប់»។
«ចំពោះបញ្ហារឿងចិញ្ចៀន ដែលគ្រប់គ្នាឆ្ងល់នៅជុំវិញកន្លែងតាំងប៉េងប៉ោង នោះគឺបង Bird បានកុម្ម៉ង់ធ្វើជាពិសេសសម្រាប់ឱ្យនារីជាទីស្រឡាញ់របស់គាត់ គឺបង Tangmo នោះឯង។ ពេលដែលគេយកចិញ្ចៀនមកដល់ ខ្ញុំក៏បានឮគាត់និយាយប្រាប់ខ្លួនឯងថា «ពួកយើងរៀបការហើយ»។
«តើចិញ្ចៀនមានមានតែមួយវង់ទេ! ហើយរឿងសួរថាអាចហៅចិញ្ចៀនរៀបអាពាហ៍ពិពាហ៍បានទេ? ខ្ញុំថាមិនអីទេ អាចហៅបាន ព្រោះពួកគាត់ស្រឡាញ់គ្នា»។
«ចំពោះរឿងព័ត៌មានលម្អិតទាក់ទងនឹងចិញ្ចៀននេះ ខ្ញុំដឹងត្រឹមថា បង Bird បានលួចធ្វើវាតែម្នាក់ឯង ព្រោះបង Tangmo ធ្លាប់ប្រាប់គាត់ដោយផ្ទាល់ថា គាត់ចង់បានចិញ្ចៀន ហើយចង់រៀបការ។ គួរឱ្យសោកស្តាយ វាទើបតែបានមក តែគាត់ក៏បាននិយាយជាមួយរូបថត និងខ្លួនឯងថា «ពួកយើងរៀបការហើយ» បង Bird ស្រឡាញ់បង Tangmo ខ្លាំងណាស់។ ហើយគាត់ក៏បានប្រាប់មិត្តភក្តិស្និទ្ធៗថា «ពួកគាត់បានរៀបការហើយដែរ»។
ជាមួយគ្នានេះ ខាងសារព័ត៌មាន បានបង្ហាញពីការបារម្ភពីស្ថានភាពរបស់ Bird ស្ថិតក្នុងអាការៈ ដែលមិនគួរបណ្តោយឲ្យនៅតែម្នាក់ឯង ត្រូវការអ្នកពិគ្រោះយោបល់ និងលើកទឹកចិត្តបន្ទាន់ មុនពេលមានការគិតខ្លីកើតឡើង។
គួរបញ្ជាក់ថា តាំងពីTangmoបាត់បង់ជីវិតមក មហាជន មានការអាណិតចំពោះBird ខ្លាំងណាស់ ព្រោះវាមិនមែនរឿងងាយទេ ដែលតាមស្រលាញ់គេដល់៧ឆ្នាំ ទម្រាំខាងស្រីព្រមក្នុងពេល១ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ៕