ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាម៉ោង23:00 ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។
ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤។
ករណីស្លា.ប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្នុងការជជែកវែកញែក ថាជាករណីអ្វីឲ្យប្រាកដ ខណៈការស៊ើបអង្កេតរបស់ប៉ូលិសមិនទាន់បានបញ្ចប់នោះ។
បន្ថែមលើនេះ ព័ត៌មានជុំវិញជីវិតស្នេហារបស់នាង ពេលនៅរស់ក៏ត្រូវបានគេចាប់អារម្មណ៍យកមកផ្សព្វផ្សាយព្រោតព្រាតផងដែរ ហើយឃើញថា កន្លងមក នាងមានសង្សារច្រើន។ ក្នុងចំណោមសង្សារជាច្រើននោះ មានសង្សារបច្ចុប្បន្នរបស់នាងឈ្មោះBird ត្រូវបានគេចាប់អារម្មណ៍ចុះផ្សាយច្រើនជាងគេ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមគ្រួសារតារាស្រី Tangmo និង ក្រុមមិត្តភក្តិ បានកំណត់រៀបចំពិធីបុណ្យសពតាមសាសនាគ្រិស្តជូនដល់ Tangmo ហើយវាក៏ជាពិធីលាគ្នា និង កាន់ទុក្ខជាលើកចុងក្រោយសម្រាប់តារាស្រី Tangmo។ ក្នុងពិធីនោះ ក៏មានវត្តមាន Bird ចូលរួមផងដែរ។
ដោយឡែក អតីតសង្សាររបស់ Tangmoម្នាក់ទៀត គឺលោក Thang មុនពេលមានពិធីបុណ្យរបស់នាង ប្រារពន្ធធ្វើឡើងពីថ្ងៃទី១១ ដល់ ១៣ ខែមីនា នៅព្រះវិហារមួយ ក្នុងទីក្រុងបាងកកនោះ លោកបានបង្ហាញវត្តមាននៅកន្លែង ដែល Tangmoធ្លាក់ទឹក។
លោក រួមទាំងភរិយាវ័យក្មេងរបស់លោក គឺអ្នកនាង Ploy ព្រមទាំងក្រុមគ្រួសារ Chatikawanich បាននាំគ្នារួមដំណើរចេញទូកទៅកាន់កន្លែងដែល Tangmo បានធ្លាក់ទឹក ជូនជាបាច់ផ្កា ក៏ដូចជាភួងផ្កា ដើម្បីចូលរួមកាន់ទុក្ខដល់រូបនាង នៅត្រង់កន្លែងកើតហេតុ កណ្តាលទន្លេចៅផាយ៉ា។
ក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ ក៏បានសរសេរជាសាររំលែកទុក្ខដល់អតីតមិត្តស្រី ដើម្បីជាការកាន់ទុក្ខ និង ជូនដំណើរ យ៉ាងរំជួលចិត្តថា ៖ «ឆ្លងកាត់រឿងរ៉ាវជីវិតដ៏នឿយហត់ជាច្រើន។ គេងលក់លើកនេះ មិនចាំបាច់ភ្ញាក់ពីដំណេកជួបរឿងល្អ ឬ អាក្រក់ក្នុងលោកនេះទៀតឡើយ សូមឱ្យអូនទៅបានស្ងប់សុខ។ សូមព្រះមេត្តាប្រោសដល់អូន ហើយ សូមឱ្យលោកពុកនាំកូនស្រីទៅកាន់ភពថ្មី។ ថ្ងៃនេះ បង និង ក្រុមគ្រួសារមកលេង Tangmo ជាលើកចុងក្រោយ»៕