ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលោក សុវណ្ណ គិរីដា ដែលត្រូវបានជ្រើសរើសតំណាងឱ្យជាតិ ជា Mister Global Cambodia ២០២២ បានបាត់ដំណឹងមិនឃើញវត្តមានក្នុងការប្រកួតនៅប្រទេសថៃ។
ដំណឹងនៃការបាត់ខ្លួនរបស់លោក សុវណ្ណ គិរីដា នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានព្រួយបារម្ភជាខ្លាំង ខណៈដែលអ្នកពាក់ព័ន្ធជាច្រើនបានប្រកាសតាមស្វែងរក។
យ៉ាងណា បន្ទាប់ពីត្រូវបានប្រកាសស្វែងរកអស់រយៈពេលជាច្រើនម៉ោង នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ លោក សុវណ្ណ គិរីដា ត្រូវបានគេដឹងថា បានបង្ហាញវត្តមានវិញហើយ។ បើទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីការបាត់ដំណឹងមិនចូលរួមប្រកួតនោះឡើយ ប៉ុន្តែអ្នកគាំទ្រជាច្រើន បានចូលរួមសម្ដែងក្ដីរីករាយ។
ជាមួយគ្នានឹងការសាទរ និងក្ដីរីករាយនៃអ្នកគាំទ្រនោះ សុវណ្ណ គីរីដា ត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួនចោទជាសំណួររសើបៗជាច្រើន។ ពួកគេ បានលើកឡើងថា Mister Cambodia ២០២១ សុវណ្ណ គិរីដា គ្មានទំនូលខុសត្រូវ ខណៈតួនាទីទៅតំណាងឱ្យជាតិទាំងមូល បែរជាបាត់មុខមិនឃើញក្នុងការប្រកួតដោយគ្មានដំណឹង។ ការប្រើប្រាស់ពាក្យថាតំណាងជាតិ ទោះបីការប្រកួតបែបណាក៏ដោយ ត្រូវធ្វើខ្លួនឲ្យសក្ដិសមជាមនុស្សថាតំណាងជាតិ។
គួរបញ្ជាក់ថា លោក សុវណ្ណ គិរីដា ដែលជាម្ចាស់ជ័យលាភីរងទី១នៃ Mister Cambodia ២០២១ ត្រូវបានជ្រើសតំណាងឱ្យកម្ពុជា ជា Mister Global Cambodia ២០២២ និង បានធ្វើដំណើរទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Mister Global ២០២១ នៅឯប្រទេសថៃ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ។ ពេលការប្រកួតមកដល់ ស្រាប់តែមិនឃើញបេក្ខជនតំណាងជាតិរូបនេះចូលរួមប្រកួតនោះឡើយ ហើយបាត់ដំណឹងឈឹងតែម្ដង រហូតមានការប្រកាសជាសាធារណៈរករូបគេ។
តាមរយៈការបាត់ដំណឹងឈឹង រួមទាំងការបង្ហោះលើបណ្ដាញសង្គមប្រកាសសួររកបេក្ខជនរូបនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកគាំទ្រកម្ពុជា ដែលបានដាក់ក្ដីសង្ឃឹមលើបេក្ខជនរូបនេះ។ ពួកគេរំពឹងថា នឹងបានឃើញការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះក្នុងចំណោមបេក្ខភាពតំណាងជាតិជាច្រើនទៀត លើទឹកដីប្រទេសជិតខាងនេះ។ តែបានក្លាយជារឿងខកបំណងទៅវិញ។
ទោះបីជាយ៉ាងណារំពឹងថា នឹងមានការបកស្រាយពីសាមីខ្លួន ឬតំណាងអ្នកគ្រប់គ្រងបេក្ខជនរូបនេះ ជុំវិញភាពខកខានខាងលើ៕ ប្រភព ៖ តារាញូស៍