និយាយក្នុងស្មារតីជាជនជាតិខ្មែរមួយរូបនោះ គណនីហ្វេសប៊ុកមួយឈ្មោះថា ជន សេរី បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការទៅលើលោកគ្រូមហាជ័យ ដោយអះអាងថា លោកគ្រូម្នាក់នេះ បានដឹកនាំជំនឿវង្វេង បង្កភាពអនាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ជំនឿទាំងស្រុងចំពោះសាសនា ដែលត្រឹមត្រូវ បាត់បង់សេចក្ដីថ្លៃថ្នូររបស់ពូជសាសន៍ សម្លា.ប់ចលនាផ្នត់គំនិតទស្សនៈសង្គមជាតិថែមទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតលោកគ្រូមហាជ័យ កំពុងពត់ពែន ពេលបារមីចូលសណ្ឋិត, គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់នៅល្ងាចថ្ងៃទី១០ ខែមីនានេះថា «យើងនិយាយក្នុងស្មារតីយើងជាជនជាតិនេះ, យើងនិយាយដ្បិតពូជសាសន៍យើងធ្លាប់ថ្លៃថ្នូរ, យើងនិយាយព្រោះយើងខ្លាចអាប់ឱន, យើងនិយាយព្រោះខ្លាចវានាំភាពអាម៉ាស់ដល់ដូនតា
ជនរួមជាតិជាទីរាប់អាន មិត្តអ្នកអានជាទីគោរព ! ដ្បិតរដ្ឋធម្មនុញ្ញយើងបានចែងអំពីសេរីភាពនៃជំនឿសាសនាក៏ពិតមែន ប៉ុន្តែមិនបានអនុញ្ញាតឱ្យបុគ្គលណាមួយដឹកនាំជំនឿដោយចិត្តឯងឡើយ។ តួយ៉ាងដូចបុគ្គលឈ្មោះធានវុទ្ធី ដែលធ្លាប់តាំងខ្លួនជាព្រះសិអារ្យមេត្រី ដឹកនាំជំនឿវង្វេងនោះ ត្រូវបានរដ្ឋាភិបាលចាត់វិធានការណ៍ផងដែរ។
សេរីភាពនៃជំនឿ វាមានន័យដូចជានីតិភាពនៃការរួមភេទអ៊ីចឹង។ គ្រប់គ្នាដែលមានអាយុគ្រប់តាមច្បាប់កំណត់ គឺអាចរួមភេទបានហើយ។ ប៉ុន្តែច្បាប់គេហាមដាច់ខាតចំពោះការជួ.ញដូរផ្លូ.វភេទ និងសញ្ចារកម្មផ្លូវភេ.ទ។
បុគ្គលនេះ ក្នុងឋានៈខ្លួនឯងផ្ទាល់ផង ក្នុងឋានៈជាទីប្រឹក្សារបស់សាសនាព្រះពុទ្ធដែលជាសាសនារបស់ជាតិផង បានដឹកនាំជំនឿវង្វេង បង្កភាពអនាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ជំនឿទាំងស្រុងចំពោះសាសនា ដែលត្រឹមត្រូវ បាត់បង់សេចក្តីថ្លៃថ្នូររបស់ពូជសាសន៍ សម្លា.ប់ចលនាផ្នត់គំនិតទស្សនៈសង្គមជាតិថែមទៀតផង។
សកម្មភាពរបស់បុគ្គលនេះ ដើម្បីតែភាពអាត្មានិយម និងមហិច្ឆតាមានបានរបស់ខ្លួន មិនស្តាយស្រណោះនឹងយកវប្បធម៌ប្រពៃណីសាសនា ព្រមទាំងសេចក្តីថ្លៃថ្នូរផូរផង់របស់ពូជសាសន៍ដូនតាខ្មែរមកធ្វើការប្រមាថជាន់ឈ្លីទាល់តែសោះ។
ក្នុងនាមជាខ្មែរមួយរូប ជាពុទ្ធបរិស័ទមួយរូប ជាអ្នកដែលជាប់មានស្មារតីមនសិការពូជសាសន៍ និងសេចក្តីខ្មាសអៀនចំពោះដូនតាមួយរូប សុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលថោកទាបឥតកេរខ្មាសម្នាក់នេះ និងស្នើសុំឱ្យមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីពង្រឹងសេចក្តីថ្លៃថ្នូរ សុខដុមនីយកម្មសាសនាពិតប្រាកដឡើងវិញ។
ហើយជាមួយគ្នានេះដែរ ខ្ញុំក្នុងនាមឈាមជ័រខ្មែរ ក្នុងនាមព្រលឹងវិញ្ញាណជនភ្ញាក់ដេក សុំលើកម្រាម១០ដណ្តឹងបណ្ដាសា ដាក់ទំនាយ ដល់ជនថោ.កទាបទាំងឡាយណា បុគ្គលណាដែលព្រោះតែភាពអាត្មានិយមរបស់ខ្លួន ប្រព្រឹត្តអំពីថោ.កទា.បបែបនេះ ព្រមទាំងពួកជនល្ងង់ដែលដង្ហែជឿទៅតាមការដឹកនាំដ៏វង្វេងវង្វាន់ នាំឱ្យអាប់ឱន បាត់បង់សេចក្តីថ្លៃថ្នូរពូជសាសន៍ និងវប្បធម៌ជាតិ …សុំឱ្យជនទាំងនោះវិនាសអន្តរាយ អន្តរធាន រន្ទះបា.ញ់ឡានបុ.ក ឆក់ខ្សែភ្លើង ឆ្លងជំងឺកាយសាហាវ …ងា.ប់ទៅមិនអាចយកកំណើតជាមនុស្សបាន ឱ្យនៅសោយសុខតែនឹងបាបកម្មនាអវិចីស្ថានកុំបីឃ្លាត។
សុំវត្ថុសក្តិសិទ្ធិ បារមីដូនតា បញ្ញាជន បុព្វបុរស ជនជាសប្បុរសទាំងឡាយ បណ្តាចិត្តសម្មាធិរុញច្រានបណ្តាសានេះ ដល់ទីបំផុតនៃកម្មរបស់វាផង។ សុំឱ្យគ្រប់ម៉ាត់ គ្រប់ពាក្យពេចន៍ឃ្លាប្រយោគនៃបដិទានមួយនេះ វិលត្រឡប់មកខ្ញុំចុះ ប្រសិនបើមានមួយម៉ាត់ណា មួយឃ្លាណា ខ្វះនូវសុចរិតភាព។
ប៉ុន្តែសុំឱ្យវាបានអន្ទោលដូចចិត្តនៃខ្ញុំប្រាថ្នា មានអាយុសង្ខាររបស់ខ្ញុំជាគ្រឿងតង្វាយរុញច្រានបណ្តាសានេះឱ្យពូកែឆុតឆាប់ប្រសិនបើវាជាសុចរិតភាពដូចដែលបានអះអាង។ចែករំលែកបន្តចុះ បើយល់ថាគួរ!»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកគ្រូមហាជ័យ ដែលល្បីល្បាញខាងហៅខ្យល់ហៅភ្លៀង មកទាំងរន្ទះ បានធ្វើពិធីអញ្ជើញបារមីជាច្រើន ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន។ ពិធីនោះ ធ្វើឡើងនៅលើកប៉ាល់ នៅកណ្ដាលទន្លេចតុមុខ។
ការអញ្ជើញបារមីចូលសណ្ឋិតនេះ មានការឡាយតាមទំព័រហ្វេសប៊ុកពីសំណាក់លោកអ៊ឹម ជីវ៉ា ផងដែរ ហើយត្រូវបានមតិជាច្រើនខំចូលបញ្ចេញមតិបែបលេងសើច និងមានការរិះគន់ទៀតផង។ ក្រោយមក ស្រាប់តែមានការចេញមុខពីសំណាក់គណនីហ្វេសប៊ុកខាងលើ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការលើលោកគ្រូរូបនេះតែម្ដង៕