និយាយដល់ឈ្មោះលោកគ្រូ មហាជ័យ ប្រិយមិត្ត ច្បាស់ជានឹកឃើញភ្លាមថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូម្នាក់នេះ ធ្លាប់អះអាងពីការ បួងសួងហៅទឹកភ្លៀងដើម្បីផ្ដល់ភាពត្រជាក់ត្រជំដល់ការដេកពួន ខណៈមហាជន បដិសេធ ដោយលើកឡើងថា ពេលនោះ ជាភ្លៀងកក់ខែប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក លោកគ្រូរូបនេះ ចាប់ផ្ដើមល្បីល្បាញជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ។ ភាពល្បីល្បាញរបស់លោកគ្រូមហាជ័យ បានធ្វើឲ្យ អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ប្រកាសក្ដែងៗអញ្ជើញសាកវិជ្ជាវិជ្ជាការ គ្នា។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួន និងលោកគ្រូមហាជ័យនោះ, អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Pee Peng King» បានបង្ហោះសារនៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា «ក្នុងនាមខ្ញុំជាអង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ
ដោយការគោរពខ្ញុំសូមគោរពអញ្ជើញលោកគ្រូមហាជ័យ សាកល្បងវិជ្ជាការ ដោយល្បីលោកគ្រូពូជពង្សនាគ ចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងឫទ្ធិដូចជា លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់ ដើរលើភ្លើង
ដោយការគោរពសូមលោកគ្រូដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃ បារមី តើលោកគ្រូហ៊ានទេ ដោយក្ដីគោរពពីខ្ញុំ សូមអញ្ជើញដោយសេរី ថ្ងៃណាក៏បាន ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃជំនឿកុំអោយបងប្អូនមានការសង្ស័យ។ ពីខ្ញុំ ស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន មានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយគ្រាន់តែបង្ហោះរយៈពេលត្រឹមតែ២ម៉ោង អ្នកចែករំលែកបន្តជាង៦ពាន់ដង និងបញ្ចេញមតិជាង៦០០។
ក្នុងចំណោមមតិទាំងនោះ មានខ្លះលើកឡើងថា «ស្តេចនាគខ្មែរ និង ស្តេចនាគចិនកំពុងតែត្រៀមប្រយុទ្ធ នាគកាន់តែកាច, ហៅលោកគ្រូតឿទៅផង, សង្ឃឹមថាគ្រូមហាជ័យទទួលតាមការស្នើ…, ហេតុអីអ្នកទាំងអស់គ្នាខមិនដូចជារឿងលេងសើចបែបនេះ? សូម្បីតែខ្ញុំក៏សើចដែរ»៕