រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo ពេលនេះ នៅតែកក្រើកនៅលើបណ្តាញសង្គម និង នៅដក់ជាប់ក្នុងចិត្តរបស់មហាជន ក៏ដូចជាក្រុមគ្រួសារស្នេហារបស់នាងនៅឡើយ ព្រោះរឿងរ៉ាវការស្លាប់មួយនេះ មានមតិជាច្រើនលើកឡើងថា វាមិនមែនជាការស្លាប់ដោយរអិលធ្លាក់ទឹកពេលកំពុងតែបត់ជើងតូចឡើយ តែវាអាចជាការស្លាប់ ដោយមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាថ៌កំបាំងជាច្រើន។
យ៉ាងណាមិញ ខណៈនេះដែរ ខាងសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេត និង ប្រមូលភស្តុតាងដែលសង្ស័យទាំងប៉ុន្មានមកពិនិត្យ ដើម្បីធ្វើការសន្និដ្ឋានទៅលើការស្លាប់របស់ Tangmo បន្ដផងដែរថា មូលហេតុពិតនៃការស្លាប់របស់នាង តើស្លាប់ដោយសារអ្វី ឱ្យប្រាកដ ហើយមហាជនសង្ឃឹមថានាងនឹងមិនស្លាប់ដោយទទេៗ ដោយជឿជាក់ថាខាងសមត្ថកិច្ចនឹងជួយរកយុត្តិធម៌ជូនក្រុមគ្រួសារ និង អ្នកគាំទ្ររបស់នាង។
ដោយឡែក បើងាកមកមើលមិត្តជំនិតៗ និង គូស្នេហ៍របស់ Tangmo វិញ ពិតជាមានក្តីសោកសៅជាខ្លាំង ដោយពុំនឹកស្មានថាបាត់បង់មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់ មួយប៉ប្រិចភ្នែកបែបនេះ។ ជាពិសេស អ្វីដែលមហាជនសរសើរមិនដាច់ពីមាត់នោះគឺ មិត្តភក្តិរបស់ Tangmo គឺ Anna និង Hipo ដែលអ្នកទាំងពីរ ពិតជាមិត្តដ៏ល្អ ដែលស្រែកទាមទារឱ្យគ្រប់គ្នា ជួយរកភាពយុត្តិធម៌ជូន Tangmo មិត្តរបស់ខ្លួន។
លើសពីនេះទៅទៀត Anna ក៏បានជួយជម្រុញ Bird ដែលជាគូស្នេហ៍របស់ Tangmo ឱ្យចូលសិល្បៈ និង រកការងារល្អៗឱ្យទៀតផង ជាពិសេស ពេលនេះក៏មានអ្នកទាក់ទងការងារមកកាន់ Bird ហើយដែរ តាមរយៈ Anna តែ Bird ក៏បានបដិសេធដោយ ពោលពាក្យថា៖ «លោកមិនចង់បានអ្វី ដោយសារតែការស្លាប់របស់មិត្តស្រីឡើយ លោកចង់ធ្វើជាអ្នកលក់ធម្មតាបានហើយ»។
យ៉ាងណាមិញ ក្រោយឮដូច្នេះមហាជនពិតជាសរសើរ និង ស្រណោះលោកដែលមានចិត្តស្រឡាញ់ពិតស្មោះជាមួយ Tangmo ដោយមិនគិតចង់បានចំណេញ ឬ ប្រយោជន៍អ្វីណាមួយពីក្ដីស្រឡាញ់ដែលលោក មានចំពោះនាងឡើយ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖