បន្ទាប់ពី បានសម្រេចបំណងប្រាថ្នា និងក្លាយជាម្ចាស់ជើងឯកកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best សួ វិចិត្រ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សម្ដែងការសាទរយ៉ាងភ្លូកទឹកភ្លូកដី ដោយមានទាំងការរៀបចំក្បួនដង្ហែអបអរយ៉ាងអធិកអធមទៀតផង ។
កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មនុស្សម្នាប្រុសស្រីចាស់ក្មេងរាប់សិបនាក់បានហែហមអមដំណើរម្ចាស់ពាន Beat The Best សួ វិចិត្រ យ៉ាងអឺងកង ដោយមានទាំងភ្លេងឆៃយ៉ាគគ្រឹកគគ្រេងផ្អើលទូទាំងទីរួមខេត្តពោធិ៍។
អ្វីដែលពិសេសជ័យជម្នះរបស់យុវជនវ័យ២៧ឆ្នាំរូបនេះ ត្រូវបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីគណៈអភិបាលខេត្ត និងអភិបាលក្រុងពោធិ៍សាត់ អញ្ជើញចូលរួមសាទរថែមទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី សួ វិចិត្រ។
នេះជាការផ្ដល់កិត្តិយសយ៉ាងធំធេងបន្ថែមទៀត ចំពោះម្ចាស់ពានរង្វាន់រូបនេះ ដែលបាននាំមកនូវមុខមាត់ មោទនភាព និងកិត្តិយសដល់អ្នកខេត្តពោធិ៍សាត់។
អតីតអ្នកចម្រៀង Cover រូបនេះ បានបញ្ជាក់ដោយសំណេរកាលពីម្សិលមិញនេះថា ៖ «កម្មវិធីទទួលពាន ដែលមានការចូលរួមពីគណៈអភិបាលក្រុង និងខេត្តពោធិ៍សាត់ ធ្វើនៅម៉ោង៤ល្ងាចនេះហើយសូមបងប្អូនចូលរួមអបអរទាំងអស់គ្នាណាទាំង២៥ខេត្តក្រុងក៏អាចចូលរួមបានដែរ ទីតាំងសួន១៤មករា ខេត្តពោធិ៍សាត់» ។
គួរបញ្ជាក់ថា មុនពេលឈានជើងចូលប្រឡងកម្មវិធី Beat The Best យុវជន សួ វិចិត្រ មានក្ដីប្រាថ្នាធំមួយគឺដណ្ដើមយកជ័យជម្នះ ដើម្បីកែប្រែជោគវាសនារបស់ខ្លួន និងក្រុមគ្រួសារ ដ្បិតសព្វថ្ងៃគ្រួសារមានជីវភាពក្រលំបាកខ្លាំង ដោយមានម្ដាយ និងប្អូនស្រីជាកម្មករសំណង់ ។
នៅទីបំផុតបេក្ខជនមានដើមកំណើតមកពីពោធិ៍សាត់រូបនេះក៏បានសម្រេចក្ដីបំណងប្រាថ្នារបស់ខ្លួន បន្ទាប់ពីដណ្ដើមបានជ័យជម្នះកាលពីយប់មិញជាមួយនឹងប្រាក់រង្វាន់រហូត ១៥,០០០ដុល្លារ(មួយម៉ឺនប្រាំពាន់ដុល្លារ) និងក្លាយជាសមាជិកពេញសិទ្ធរបស់ផលិតកម្មរស្មីហង្សមាស ។
ជ័យជម្នះធំសម្បើយមួយនេះ ក្រៅពីបានជួយកែប្រែជោគវាសនារបស់ខ្លួន និងក្រុមគ្រួសារ សួ វិចិត្រ បានលើកមុខលើកមាត់ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍ឱ្យរីករាយយ៉ាងក្រៃលែង និងមិនខកបំណងដែលបានជួយជ្រុំជ្រែងតាមរយៈសំឡេងសារ ។ ហើយជាមួយគ្នានោះ សួ វិចិត្រ ក៏ទទួលបានការតបស្នងមកវិញដោយការសាទរ និងការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំណើត និងគណៈអភិបាលខេត្តក្រុងផងដែរ ។
អ្វីដែលជាកាត់កត់សម្គាល់ទៀតនោះ តាមរយៈជោគជ័យលើកនេះ មិនត្រឹមតែអាចជួយជ្រោង សួ វិចិត្រ ឲ្យខ្ពស់មុខខ្ពស់មាត់ប៉ុណ្ណោះទេ ថែមទាំងអាចជួយគ្រួសារ ជាពិសេសអ្នកម្ដាយ និងប្អូនស្រី មិនចាំបាច់ធ្វើការជាកម្មករសំណង់ទៀតនោះទេ៕ ប្រភព ៖ តារាញូស៍