គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ខេមរៈ សិរីមន្ត ឡើងងារជា ឧកញ៉ា ធ្វើឲ្យពិភពសិល្បៈកក្រើក និងមានការកោតសរសើរចំពោះតារាចម្រៀងរូបនេះ មិនស្ទើរនោះទេ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយពេលលោកប្រាប់ពីតំម្លៃខ្លួនពេលឡើងច្រៀងម្តងៗ។
មិនតែប៉ុណ្ណោះ រូបលោកបង្ហើបថា ពីមុនតម្លៃខ្លួនពេលច្រៀងត្រូវគិតជាយប់។ ប៉ុន្តែងាកមកដល់ពេលនេះ លោកច្រៀងត្រឹមតែ៦បទប៉ុណ្ណោះ រូបលោកអាចទទួលបាន តម្លៃខ្លួនដល់ទៅ១ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យ អ្នកគាំទ្រស្តាប់ហើយ បើកភ្នែកធំៗតែម្តង ហេតុតែល្បីឈ្មោះ តម្លៃខ្លួនរបស់លោកឧកញ៉ា បានច្រើនដល់ថ្នាក់ផង។
លោក ខេមរៈ សិរីមន្ត បញ្ជាក់ថា៖ “កាលមុនច្រៀងបានតិចតួច! តែឥឡូវយើងច្រៀងតែ៦បទទេ យើងយកបាន១ម៉ឺនដុល្លារហើយ”។
ជាមួយនឹងភាពជោគជ័យ ទាំងការងារសិល្បៈ និងការរកស៊ីហើយនោះ បើងាកត្រឡប់ក្រោយពីអតីតកាល រូបលោកធ្លាប់ត្រូវគេជ្រើសរើសឲ្យចូលច្រៀងដំបូង រូបលោកគ្រាន់តែជាតារាចម្រៀង ដែលច្រៀងនៅក្នុងក្លិបរាត្រីតែប៉ុណ្ណោះ។ តែក្រោយមក ដោយសារមើលឃើញពីការខិតខំប្រឹងប្រែង ម្ចាស់ផលិតកម្មបានមើលឃើញ ពីសមត្ថភាពពិសេសរបស់រូបលោក ទើលោកបានចូលច្រៀងនៅផលិតកម្ម U2 នៅអំឡុងឆ្នាំ ២០០៣-២០០៧ ។
ក្រោយមកទៀតលោកក៏បានចម្រៀង ចូលនៅក្នុងផលិតកម្ម សាន់ដេ នៅឆ្នាំ ២០០៨-២០១៦ ហើយបច្ចុប្បន្ននេះ លោក កំពុងជ្រកក្រោមត្រនំហង្សមាស មានងាជា ឧកញ៉ា នឹងត្រូវជ្រើសរើសឲ្យក្លាយជាពូលតារាចម្រៀងប្រចាំផលិតកម្ម។
កន្លងមកតារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់បានរំលឹកថា ដំបូងឡើយលោកទទួលបានតម្លៃតិចតួចប៉ុណ្ណោះពីការច្រៀង ដែលមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅបានផង។ ជាក់ស្ដែង លោកធ្លាប់អត់បាយក្រហាយទឹក ព្រោះគ្មានលុយសូម្បីទិញបាយក៏មានដែរ។ លោកបានប្រាប់ម្ដាយរបស់លោកថា ទទួលបានប្រាក់ខែ៣៥០ដុល្លារក្នុង១ខែ តែធាតុពិតប្រាក់ខែរបស់លោកត្រឹមតែ៩០ដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងត្រូវបានមើលឃើញថា ទទួលបានជោគជ័យជាបន្តបន្ទាប់តាំងពីឈានជើងចូលសិល្បៈដំបូងរហូតមកដល់ពេលនេះនៅតែបន្តទទួលបានជោគជ័យ។ ភាគច្រើនចម្រៀងនិពន្ធដោយបងប្រុសរបស់លោក ខេមរៈ ភារុណ បានធ្វើឲ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ល្បីល្បាញ។ បច្ចុប្បន្នលោកមានជំនួញជាច្រើននៅក្នុងដៃ៕ ប្រភព ៖តារាញូស៍