ស្របពេលក្លាយជាម្ចាស់ពាន យើងសូមរំលឹកបន្តិចថា នៅក្នុងវគ្គBeat Yourself កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅនោះ សួ ចិត្រ ធ្វើមិនសូវបានល្អនោះទេ ក្នុងConcept បទបែបRock ដោយផ្ដើមដំបូងខុសចង្វាក់បន្តិច កាយវិការមិនស៊ីនឹងចម្រៀង ចេះតែលោតៗ។ លុះច្រៀងចប់ លោកក៏បានថើបខ្សែករបស់ខ្លួនទៀតផង។
ការថើបខ្សែកខ្លួនឯងនេះ បានធ្វើឲ្យអ្នកនាងពេជ្រ សោភា ចាប់អារម្មណ៍ខ្លាំងណាស់ ក៏សួរទៅកាន់ចិត្រ ឲ្យបញ្ជាក់ពីមូលហេតុ ហើយចិត្រ បានប្រាប់ថា ខ្សែកនេះ មេលោកឲ្យ ហើយប្រាប់ថា មកប្រឡងឲ្យជាប់ ធ្វើជាតារាហង្សមាសឲ្យបាន។
នៅទីបំផុត សួ វិចិត្រ ក៏បានក្លាយជាម្ចាស់ពាន និងជាតារាចម្រៀងនៅហង្សមាសដូចបំណង ក្រោយពីទទួលបានសំឡេងសារច្រើនជាងគេនៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នោះ។
ថៅកែរបស់ចិត្រ នៅយប់ផ្ដាច់ព្រ័ត្រ ក៏បានទៅចូលរួមលើកទឹកចិត្តផងដែរ ហើយក្រោយកូនចៅក្លាយជាម្ចាស់ពាន ក៏បានបំពាក់បាច់ផ្កា យ៉ាងស្រស់ស្អាត ហើយពោលពាក្យថា «បងចូលរួមត្រេកអរប្អូន ដែលធ្វើបានសម្រេច ប៉ុន្តែជីវិត នៅវែងឆ្ងាយណាស់ ត្រូវតែប្រឹងប្រែងតស៊ូបន្តទៀត»។
ត្រឡប់មកក្រោយវិញ ពេលសួ វិចិត្រ កំពុងប្រឡង, ថៅកែរូបនេះ បានជំរុញទឹកចិត្ត និងសន្យា តាមរយៈការបង្ហោះសារ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា «ធ្វើបានល្អប្អូនវិចិត្រ ប្រឹងប្រឡងឲ្យជាប់ បងនឹងមានកាដូពិសេស មួយ គឺនាំឲ្យជិះយន្តហោះ ទៅលេងប្រទេសកូរ៉េ ហើយកែសម្រស់ ដើម្បីឲ្យប្អូនក្លាយជាតារាពិតៗ នៅសល់តែមួយវគ្គទៀតទេ សូមបងប្អូនទាំងអស់ជួយគាំទ្រ វិចិត្រផង»។
បន្ថែមលើការសន្យានេះ ស្រាប់តែនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោយពេលសួ វិចិត្រ សម្រេចបំណង ថែកែចិត្តធម៌រូបនេះ បានទិញរថយន្ត១គ្រឿងជាកាដូដល់ វិចិត្រ ជាមួយនឹងការបញ្ជាក់ថា «កាដូសម្រាប់ប្អូន»។
ឆ្លើយតបនឹងទឹកចិត្តដ៏ប្រពៃនេះ សួ វិចិត្រ បានបញ្ជាក់ថា «អត្ថន័យនៃសេចក្ដីស្រលាញ់គឺធំធេងណាស់ ហើយការស្រលាញ់មួយនឹងនៅជានិរន្ត»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖