បន្ទាប់ពីឆ្លងកាត់ការចម្រាញ់អស់រយៈពេលជាច្រើនសប្ដាហ៍ នៅទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានរកឃើញម្ចាស់ជ័យលាភីហើយ នោះគឺបេក្ខជន ដែលមកពីខេត្តពោធិ៍សាត់គឺ សួ វិចិត្រ។
ភាពជោគជ័យធំសម្បើមមួយនេះ មិនមែនជាសំណាង ឬជាភាពចៃដន្យនោះឡើយ ប៉ុន្តែគឺជាការផ្ដល់ឱ្យយ៉ាងសុក្រិតភាពពីទស្សនិកជនតាមរយៈការបោះឆ្នោតជាសំឡេងសារគាំទ្រ ហើយនេះគឺជាគោលបំណងធំបំផុតមួយនៅក្នុងជីវិត ដែលបេក្ខជន សួ វិចិត្រ បានប៉ងប្រាថ្នាចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងចូលប្រឡង ព្រោះរូបគេសង្ឃឹមថា អាចជួយឲ្យរូបគេអាចចាកចេញពីភាពក្រីក្រ និងអាចជួយម្ដាយ និងប្អូនៗដោយមិនចាំបាច់ទៅធ្វើសំណង់ដូចសព្វថ្ងៃនេះទេ។
ដោយកន្លងមក វិចិត្រ ធ្លាប់បានប្រាប់តារាញូស៍ថា ៖ «ការខិតខំរបស់ខ្ញុំ គឺដើម្បីម្តាយ និងប្អូន ដើម្បីដណ្ដើមជ័យជម្នះ នឹងត្រូវតស៊ូឱ្យក្លាយជាតារាហង្សមាសឲ្យបាន» ។
គួរបញ្ជាក់ថា សួ វិចិត្រ មានវ័យ២៧ឆ្នាំ និងមានប្រភពពីខេត្តពោធិ៍សាត់។ រាល់ថ្ងៃលោកច្រៀងតាមបារមួយកន្លែងនៅខេត្តនោះ ខណៈគ្រួសារមានជីវភាពក្រលំបាកខ្លាំង ដោយមានម្ដាយ និងប្អូនស្រីជាកម្មករសំណង់ នៅខេត្តព្រះសីហនុ។ ព្រោះតែចង់ចាកចេញពីភាពក្រីក្រ និងមិនចង់ឲ្យម្ដាយនិងប្អូនធ្វើសំណង់តទៅទើបរូបគេតាំងចិត្តថានឹងដណ្ដើមជ័យជម្នះ ឬធ្វើជាតារាចម្រៀងនៅហង្សមានឲ្យបាន។
នៅទីបំផុតបេក្ខជនមានដើមកំណើតមកពីពោធិ៍សាត់រូបនេះក៏បានសម្រេចក្ដីបំណងប្រាថ្នារបស់ខ្លួន បន្ទាប់ពីដណ្ដើមបានជ័យជម្នះកាលពីយប់មិញជាមួយនឹងប្រាក់រង្វាន់រហូត ១៥,០០០ដុល្លារ(មួយម៉ឺនប្រាំពាន់ដុល្លារ) និងក្លាយជាសមាជិកពេញសិទ្ធរបស់ផលិតកម្មរស្មីហង្សមាស។
គួររំលឹកថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គផ្ដាច់ព្រ័ត្រយប់មិញនេះ មានបេក្ខជនចំនួន៤រូបដែលត្រូវប្រកួតប្រជែងក្នុងនោះរួមមាន បេក្ខជន សួ វិចិត្រ បេក្ខជន ឈាន ជាលើយ បេក្ខជន អ៊ីម ថៃ និងបេក្ខជន ពេជ្រ ម៉េងលី។ បេក្ខជនទាំងអស់ត្រូវបញ្ចេញសមត្ថភាពរៀងៗខ្លួន មានទាំងការច្រៀងចម្រៀងទោល និងចាប់ដៃគូជាមួយគណៈកម្មការ។
ពួកគេទាំង៤រូបក៏ត្រូវរង់ចាំការកាត់សេចក្ដីពីមហាជន ប្រសិនបើបេក្ខជនរូបណាទទួលបានសារគាំទ្រច្រើនបំផុត និងក្លាយជាម្ចាស់ជ័យលាភីជាមួយនឹងប្រាក់រង្វាន់១៥,០០០ដុល្លារ។ ហើយនៅទីបំផុតជើងខ្លាំងនៅវគ្គផ្ដាច់ព្រ័ត្រ និងជាម្ចាស់ពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ក៏បានរកឃើញ នោះគឺបេក្ខជន សួ វិចិត្រ។
ក្រោយពី សួ វិចិត្រ ក្លាយជាម្ចាស់ពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Bestរួចមក អ្នកគាំទ្រ តារាចម្រៀង ឆន សុវណ្ណរាជ នាំគ្នាផ្អើលថា តារាចម្រៀងជើងចាស់រូបនេះ ជាតារាប្រុសនាំសំណាងខ្លាំងបំផុត ព្រោះ ក្នុងការប្រកួតចម្រៀង៣កម្មវិធីធំៗហើយ ឲ្យតែបេក្ខភាពបានចាប់ដៃគូ បកស្រាយចម្រៀងជាមួយរូបលោក ដឹងតែលើកពានហើយ។
ជាក់ស្ដែង ការប្រកួត The Voice Cambodia រដូវកាលទី១ តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង ប៊ុត សីហា ក្នុងបទ«ទីក្រុងគ្មានមេឃ»។ ទី២. ការប្រកួត Cambodia Idol រដូវកាលទី ១ តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង នី រតនា ក្នុងបទ«នឹកA ស្រឡាញ់ B»។ ទី៣ ៣. ការប្រកួត Beat The Best រដូវកាលទី១ តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង សួរ វិចិត្រ ក្នុងបទ «អារម្មណ៏ពេលខូចចិត្ត»៕