លោក អ្នកបានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការ កាលអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនោះ ចំណងស្នេហ៍ជាង១០ឆ្នាំរបស់លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានបន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយអ្នកនាង ដេត ម៉ាលីណា ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ក្នុងចំណោមកូនរបស់ពួកគេទាំង៣នាក់នេះ អ្នក ដែលមហាជនអាណិតជាងគេ គឺកូនប្រុសច្បង ដោយហេតុថា រូបគេឈឺមិនទាន់ជានៅឡើយ និយាយបានមួយៗគាំង(បញ្ហាខួរក្បាល) រកនឹកនិយាយមិនចង់ចេញ ហើយភ្នែករបស់គេ ចេះតែធ្មេចបើកៗ ឥតឈប់ ព្រមទាំងមើលទៅមុខមិនចំនោះទេ។
កន្លងមក នៅពេលមានការលើកជាសំណួរថា «អូនឈឺអី?»នោះ អ្នកនាង ដេត ម៉ាលីណា ធ្លាប់បានបញ្ជាក់ថា ឈឺបញ្ហាខួរក្បាលវះកាត់កាលមុន។ ចំពោះភ្នែកកូនប្រុសច្បងរបស់ខ្លួនរូបនេះទៀតសោត អ្នកនាងប្រាប់ថា អាចឃើញត្រឹមតែពណ៌សខ្មៅប៉ុណ្ណោះ ហើយមិនអាចញុំាអាហារខ្លួនឯងបានទេ ខណៈឆ្នាំនេះមានអាយុ១២ឆ្នាំហើយ។
ងាកមកលោក ឌួង ឆាយ វិញ ក៏តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនទាំងអស់ ក្នុងនោះក៏ឧស្សាហ៍បង្ហាញក្ដីអាណិតចំពោះកូនប្រុសច្បងរបស់ខ្លួនផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ លោកបានបញ្ចុកអាហារដល់កូនប្រុសរូបនេះ និងបង្ហាញក្ដីសង្ឃឹមរបស់ខ្លួនថា កូនជាសះស្បើយអាចចូលសាលាស្នងត្រកូលរបស់ខ្លួនទៀតផង។
បង្ហោះភ្ជាប់ជាមួយវីដេអូបញ្ចុកអាហារកូនប្រុសច្បង លោក ឌួង ឆាយ បានរៀបរាប់ដូច្នេះថា «ទោះបីជាប៉ាពិបាកចិត្ត និងមានរឿងរ៉ាវអ្វីកើតឡើងក៏ប៉ាមិនបោះបង់ចោលកូនៗនោះទេ។ ដរាបណាប៉ានៅមានដង្ហើម ប៉ានឹងបន្តក្តីសង្ឃឹមរបស់ប៉ាជានិច្ច។
ក្តីសង្ឃឹមរបស់ប៉ាគឺកូនជាសះស្បើយបានចូលសាលារៀនវិញស្នងត្រកូលរបស់ប៉ា។ ក្តីសង្ឃឹមរបស់កូនៗគឺនៅលើប៉ា។ ប៉ាត្រូវតែតស៊ូរឹងមាំជម្នះរាល់ឧបសគ្គ។ សូមអរគុណលោកវេជ្ជបណ្ឌិត Dr OKAWADA Manabu & Dr Yoshifumi OKADA នៃមន្ទីរពេទ្យ Sunrise Japan Hospital Phnom Penh ដែលជួយសម្រួលពិនិត្យកូនប្រុសច្បងខ្ញុំនៅថ្ងៃសៅរ៍ដោយសារខ្ញុំមានសិទ្ធិគ្រប់គ្រងកូនៗនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្រ។ ឌួង ឆាយ»។
បន្ថែមលើនេះ លោកឌួង ឆាយ បានបញ្ជាក់តាមរយៈខំមិនថា «សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការជូនពរស្រលាញ់រាប់អានដ៏បរិសុទ្ធពោរពេញដោយមនោសចេតនាមានន័យខ្លឹមសារជាទីបំផុតសម្រាប់រូបខ្ញុំបាទ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជូនពរពូមីងបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ច និងសម្រេចគ្រប់បំណងប៉ងប្រាថ្នាណាបាទ»។
គេកត់សម្គាល់ថា បើទោះលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា កំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នាក៏ពិតមែន តែទឹកចិត្តស្រឡាញ់ចំពោះកូនៗរបស់ពួកគេមានដូចគ្នា។ ជាពិសេស លោក ឌួង ឆាយ ជាឪពុក ដែលនៅឆ្ងាយពីកូនៗ តែងតែបង្ហាញអារម្មណ៍នឹកកូនៗរបស់លោកជាពន់ពេក។
នៅក្នុងការបង្ហាញអារម្មណ៍នឹកកូនៗនោះផងដែរ អ្នក ដែលលោក តែងតែបង្ហាញអារម្មណ៍នឹក អាណិតជាងគេនោះ គឺកូនប្រុសច្បងនេះឯង ហើយពេលកូនប្រុសច្បងរបស់លោកឈឺ លោកបានលះបង់សព្វគ្រប់បែបយ៉ាង សូម្បីតែជីវិតរបស់ខ្លួនឯង ដើម្បីជួយស្រោចស្រង់ជីវិតកូនប្រុសរូបនេះ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ ស្ថានភាពរបស់គេ មើលទៅហាក់មិនទាន់ប្រសើរនៅឡើយ៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖