ថ្មីៗនេះ Anna ជាមិត្តភក្តិជិតស្និទ្ធរបស់ Tangmo ហាក់មមាញឹកខ្លាំងក្នុងការជួយទាមទាររកយុត្តិធម៌ ក៏ដូចជាជួយចាត់ចែងការងារផ្សេងៗរបស់ Tangmo តែពេលនេះនាងបែរជាប្រកាសលែងពាក់ព័ន្ធជាមួយនឹងរឿងនេះទៅវិញ ដោយសារតែខាងម្តាយរបស់ Tangmo ហាក់មិនពេញចិត្ត។
តាមព័ត៌មានបានឱ្យដឹងថា Anna បានចង់ចាត់ចែងប្តូរកន្លែងធ្វើបុណ្យសពឱ្យ Tangmo ហើយស្រាប់តែម្តាយរបស់នាងបានមកនិយាយនៅក្នុងកម្មវិធីថា ចាប់ពីពេលនេះទៅ ធ្វើអ្វីឱ្យប្រឹក្សាគាត់សិន ជាពិសេសក្រុមមិត្តភក្តិជិតស្និទ្ធទាំងឡាយរបស់ Mo មុននឹងសម្ភាសនិយាយអ្វីត្រូវសុំអនុញ្ញាតិគាត់សិន បើសិនជាមិនចង់មានរឿងជាមួយគាត់។
ក្រោយមក Anna ក៏បានតបទៅវិញទាំងអួលដើម-កដែរថា ខ្លួននឹងដកខ្លួនគ្រប់យ៉ាងទាក់ទងនឹងរឿង Tangmo ហើយ មុននេះក៏មានអ្នកតឿនដែរថាកុំឱ្យចូលពាក់ព័ន្ធរឿងនេះ វាមិនបានការនោះទេ ហើយអាចមានគ្រោះថ្នាក់ថែមទៀត តែខ្លួននៅតែចង់ជួយមិត្តភក្តិ។
អ្វីដែលម្តាយ Tangmo បាននិយាយ នាងស្តាប់ហើយពិតជាមានអារម្មណ៍ថាខូចចិត្តសោកស្តាយណាស់ សុំទោសទៅ Tangmo ដែលជួយមិនបានចប់សព្វគ្រប់ នាងបានព្យាយាមបំពេញតួនាទីជាមិត្តភក្តិអស់ពីចិត្តហើយ ចុងក្រោយនាងក៏សុំទោសទៅម្តាយ Tangmo និង អ្នកដែលពាក់ព័ន្ធផងដែរ។
យ៉ាងណាមិញ នាងក៏ឈប់ឱ្យសម្ភាសផងដែរ សុំចិត្តអ្នកកាសែតឈប់មកសួរនាំទៀត ហើយសម្ភាសដែលនាងបានឱ្យមុនៗនោះ គឺដើម្បីទាក់ទាញមហាជនឱ្យកាន់តែចាប់អារម្មណ៍នឹងរឿងក្តី នឹងអាលឆាប់រកឃើញការពិត នាងសុំទោសពិតមែននូវអ្វីដែលកើតឡើង ហើយក៏សុំមេត្តាមហាជនកុំឱ្យពាក្យមិនសមរម្យដាក់ម្តាយ Tangmo ផងដែរ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖