ប្រិយមិត្តពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការ កាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
ងាកមកមើលមើលលោក ឌួង ឆាយ ជាឪពុក តាំងពីយកកូនមកលេង កាលពីអំឡុងទិវានារីអន្តរជាតិ ហើយយកឲ្យអតីតភរិយាវិញ មិនតាមការកំណត់នោះ លោក ពុំមានឱកាសក្នុងការជួបកូនៗរបស់ខ្លួនម្ដងទៀតឡើយ បានត្រឹមបង្ហោះសារបង្ហាញការនឹករលឹកប៉ុណ្ណោះ។
ជាក់ស្ដែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក ឌួង ឆាយ បានត្រឹមតែចែករំលែក នូវសារជូនពរថ្ងៃខួបកំណើតកូនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឡើងវិញប៉ុណ្ណោះ អមដោយសារជូនពរថ្មីយ៉ាងរំជួលចិត្ត អានហើយអួលដើម.ក តាមប៉ុណ្ណោះ។
សារកាលពីអំឡុងឆ្នាំ២០១៩នោះ មានខ្លឹមសារថា «ស្រលាញ់ណាស់កែវភ្នែកប៉ា ខានបំបៅទឹកដោះគោកូន 6 ឆ្នាំហើយ។ ជាកាតព្វកិច្ច និងភារកិច្ចក្នុងនាមជាស្វាមី និងឪពុកសម្រាប់គ្រួសារគ្រប់ៗគ្នា ឌួង ឆាយ»។
សារនេះ ត្រូវបានលោក ចែករំលែកឡើងវិញ អមដោយCaptionថ្មីយ៉ាងរំជួលចិត្តថា «រីករាយថ្ងៃខួបកំណើតណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងក្នុងជីវិត ហើយពុកសូមទោស ដែលធ្វើអោយកូនលំបាកដោយសារពុកណាកូន។ ពុកសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងសម្រាប់កូនៗណាកែវភ្នែកពុក»៕