ដូចដែលមហាជនមួយចំនួនបានដឹងហើយថា Pinky គឺជាតារាស្រីមួយរូប និងជាមិត្តជិតស្និទ្ធរបស់ Tangmo ដោយអ្នកទាំង ២ បានស្គាល់តាំងតែពីសម័យនៅរៀនវិទ្យាល័យមកម្ល៉េះ និយាយទៅគឺស្គាល់មុន Anna ទៅទៀត។
Pinky និង Tangmo គឺចូលសិល្បៈដំណើរគ្នា តាមរយៈសាលារៀន ហើយអ្នកទាំងពីរក៏ធ្លាប់សម្តែងរឿងភាគរួមគ្នាផងដែរ។ ការបាត់បង់ Tangmo ហាក់ធ្វើឱ្យ Pinky ស្លុតចិត្តជាខ្លាំង ព្រោះតែគ្រប់យ៉ាងហាក់មិនគួរឱ្យជឿ។
រំលឹកទៅដល់សម័យរៀន ក្រៅពី Tangmo តារាស្រីរូបនេះក៏ជាមិត្តភក្តិរបស់តារាចម្រៀងប្រុសល្បីឈ្មោះលោក Big ក្រុម D2B ផងដែរ។ ដោយអ្នកទាំង ៣ គឺរៀនថ្នាក់ជាមួយគ្នានៅវិទ្យាល័យ ហើយភាគច្រើនចូលរួមកម្មវិធីសាលាជាមួយគ្នាជាញឹកញាប់។
តែគួរឱ្យសោកស្តាយពេលនេះ មិត្តជិតស្និទ្ធទាំង ២ របស់នាងបានលាចាកលោកហើយ ដោយលោក Big បានស្លាប់នៅឆ្នាំ ២០០៧ ក្រោយក្លាយជាមនុស្សរុក្ខជាតិគេងនៅក្នុងមន្ទីរពេទ្យរយៈពេល ៤ ឆ្នាំ ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ ហើយធ្លាក់ចូលទឹកអូរ Khlong កាលពីឆ្នាំ ២០០៣។
ចំណែកឯតារាស្រី Tangmo បានធ្លាក់ពីទូកចូលទឹកទន្លេចៅផាយ៉ា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានបាត់ខ្លួន ៣៨ ម៉ោង មុនពេលគេរកឃើញសាកសពនាងដែលលង់ទឹកស្លាប់បាត់ទៅហើយ៕