ស្របពេល ដែលបទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក” កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅលើបណ្ដាញសង្គម ក៏បានបើកផ្លូវឲ្យអ្នកនិពន្ធចម្រៀងមួយបទនេះ មានឱកាសបានចូលទៅរួមរស់ក្រោមដំបូលផលិតកម្ម Galaxy Navatra ហើយ។
ផលិតកម្មយក្ស ដែលល្បីហ៊ានចំណាយលើការផលិតបទចម្រៀង Galaxy Navatra បានបើកទ្វារទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកញ្ញា យ៉ង់ ច័ន្ទនីតា ដែលមហាជនស្គាល់ថា ជាអ្នកនិពន្ធទំនុកច្រៀង និងទំនុកភ្លេងបទ “ផ្លូវណាទៅផ្ទះម៉ែក្មេក”។ គេបានឃើញជំនួបមួយរវាងអ្នកនិពន្ធរូបនេះ ជាមួយនឹងអ្នកចាត់ទូទៅខាងផលិតកម្មលោក យឹម តាស្រង់ កាលពីថ្ងៃម្សិលមិញ ដែលគេអាចសន្និដ្ឋានបានថា រឿងនេះទំនងជាការពិតហើយ។
ដោយឡែកតាមការឲ្យដឹងពីលោក សាក់ ធារិទ្ធ ជាអ្នកនិពន្ធទំនុកច្រៀង និងទំនុកភ្លេងនៅក្នុងផលិត Galaxy Navatra ដែរនោះ បានសរសេរយ៉ាងច្បាស់បញ្ជាក់ពីវត្តមានរបស់អ្នកនិពន្ធ យ៉ង់ ច័ន្ទនីតា ពិតជាទៅរួមរស់ជាមួយផលិតកម្ម Galaxy Navatra ពិតមែនហើយ។ លោកបញ្ជាក់ថា ៖ “ស្វាគមន៍សមាជិកថ្មីកញ្ញា យ៉ង់ ច័ន្ទនីតា អ្នកនិពន្ធ មេឡូឌី និងទំនុកច្រៀង មកកាន់ Galaxy Navatra”។
ឆ្លើយតបមកកាន់ តារាញូស៍ អ្នកនិពន្ធខាងលើបញ្ជាក់ថា លោកមិនអាចនិយាយអ្វីច្រើនពីវត្តមានរបស់ម្ចាស់បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” នៅក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ប៉ុន្តែការដែល យ៉ង ច័ន្ទនីតា មកកាន់ផលិតកម្មមួយនេះ នោះជារឿងពិតមែន។
ចំពោះរយៈពេលកុងត្រារវាងភាគីអ្នកនិពន្ធរូបនេះ ជាមួយផលិតកម្ម ក៏មិនត្រូវបានបញ្ជាក់ច្បាស់នោះដែរ ដោយរង់ចាំការបញ្ជាក់ពីខាងថ្នាក់លើជាមុនសិន ទើបអាចដឹងច្បាស់។
សូមបញ្ជាក់ថា បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក” ជាការបកស្រាយរបស់តារាចម្រៀងកញ្ញា ថាន់ នឿថង ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តទូទៅ។ ជាពិសេសនៅតាមកម្មវិធីជួបជុំនានា ក៏តែងតែឭបទចម្រៀងនេះ ត្រូវបានចាក់កំដរជាហូរហែ។ ដោយឡែក ក៏មានអ្នកយកបទនេះ ទៅច្រៀងឡើងវិញ ឬCover ជាបន្តបន្ទាប់ផងដែរ៕ ប្រភព ៖ តារាញូស៍