ប្រិយមិត្ត បានជ្រាបរួចមកហើយថា សាកសព របស់តារាសម្ដែង ថៃ Nida Patcharaveerapong ដែលគេស្គាល់ថា Tangmo ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះនៅក្នុងទន្លេ Chao Phraya ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២៦ ខែកុម្ភៈ បន្ទាប់ពីស្វែងរកអស់រយៈពេល៣៨ម៉ោង។
យោងតាមសារព័ត៌មាន Thai PBS World ប៉ូលិសខេត្ត បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារទី១ ខែមីនាថា Tangmo អាយុ៣៧ ឆ្នាំ បានស្លាប់ដោយសារលង់ទឹក។ ការធ្វើកោសល្យវិច័យ ដែលត្រូវបានធ្វើនៅវិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលិស បានបញ្ជាក់ថា Tangmo មានខ្សាច់នៅក្នុងសួត ដែលបង្ហាញថា នាងនៅតែដកដង្ហើមនៅពេលដែលនាងធ្លាក់ចូលទៅក្នុងទន្លេ។
ទោះយ៉ាងណា ការស៊ើបអង្កេតករណីស្លាប់របស់ Tangmo មិនទាន់បញ្ចប់នៅឡើយ ដោយសមត្ថកិច្ចត្រូវការពេលវេលាបន្ថែមទៀត ដើម្បីកំណត់ថា ការធ្លាក់ក្នុងទឹកទន្លេរបស់នាងនោះ កើតឡើង ព្រោះតែខ្លួនឯង ឬអ្នកផ្សេង ជាផ្សេង ជាអ្នកប្រព្រឹត្ត។
ចំពោះមនុស្សប្រាំនាក់ទៀតនៅលើទូកនោះ មាន៖ Idsarin “Gatick” Juthasuksawat អ្នកគ្រប់គ្រង Tangmo; Wisapat “Sand” Manomairat; Nitas “Job” Kiratisoothisathorn; Tanupat “Por” Lerttaweewit; និង Phaiboon “Robert” Trikanjananun , ប៉ូលិស គ្រោងនឹងយកពួកគេ ម្តងមួយៗនៅលើទូកល្បឿនលឿនស្រដៀងគ្នា ដើម្បីព្យាយាមកំណត់ថា តើអ្វីដែលនាំឱ្យតារាស្រីរូបនេះ ធ្លាក់ពីលើទូក។
ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយសូម្បីតែអតីតនាយករដ្ឋមន្រ្តីមួយរូបរបស់ថៃក៏បាននិយាយពីរឿងនេះដែរ។
ជាក់ស្ដែង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ លោក Thaksin ដែលជាអតីតនាយករដ្ឋមន្រ្តីមួយរូបរបស់ថៃ ក៏បានសម្តែងការសោកស្តាយរបស់ខ្លួនទៅចំពោះការស្លាប់របស់ តារាស្រីរូបនេះ នៅក្នុងកម្មវីធីមួយផងដែរ។
លោកបាននិយាយថា លោកពិតជាសោកស្តាយណាស់ចំពោះតារាស្រី Tangmo ណាស់ ក្នុងនោះលោកថែមទាំងទម្លាយថា មុនថ្ងៃចូលឆ្នាំថ្មីនេះ នាងទើបតែបានផ្ញើសារមកសុំទោសលោក រឿងដែលនាងធ្លាប់ប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើលោកនៅលើឆាកវេទិកា… មិនគួរឱ្យជឿថានាងចាកចេញទៅយ៉ាងលឿនបែបនេះឡើយ។
យ៉ាងណាមិញ លោកក៏សុំចូលរួមរំលែកទុក្ខ ទៅកាន់គ្រួសាររបស់នាងផងដែរ ហើយលោកក៏សង្ឃឹមថា ថ្វីដៃរបស់ប៉ូលិសនឹងអាចបកស្រាយការពិតនៅពីក្រោយការស្លាប់របស់តារាស្រីរូបនេះ ឆាប់ៗផងដែរ៕