មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានទទួលដំណឹង នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តារាកំប្លែង អៀង ចាន់ឡា បានទទួលមរណភាព ក្រោយពីធ្លាក់ខ្លួនឈឺធ្ងន់នោះ។
យោងតាមគណនីហ្វេសប៊ុក របស់ អៀង ចាន់ឡា ដែលកាន់ដោយប្អូនប្រុសរបស់លោក បានសរសេរបញ្ជាក់នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បងប្អូនលោកបានផុតដង្ហើមហើយ។
បន្ថែមលើនេះ លោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតលោក អៀង ចេនឡា បានប្រាប់អ្នកព័ត៌មានក្នុងស្រុកថា បងប្រុ សរបស់លោក គឺតារាចម្រៀង និងកំប្លែងលោក អៀ ង ចេនឡា បានទទួលមរណភាពហើយនៅវេលាម៉ោង៨និង៣៨នាទីយប់ថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២ ២នេះ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។
លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្នសពបងប្រុសរបស់ខ្លួន(អៀន ចេនឡា) បានធ្វើបុណ្យតាមប្រពៃណីនាគេហដ្ឋានស្ថិតនៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ដំណឹងមរណភាពរបស់សិល្បកររូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈជាច្រើនសម្តែងក្តីរន្ធត់ចិត្ត និង សោកសៅយ៉ាងខ្លាំង ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសារសពផងដែរ។
ជាក់ស្ដែង ពិធីករ លោក ប៉ែន ចំរ៉ុង បានពោលពាក្យអមដោយស្ទីកឃ័រទឹកភ្នែកថា «លឿនពេកហើយបងប្អូនអើយ លោក អៀង ចេនឡា បានលាពួកយើងហើយរហូតហើយ ខ្ញុំសូមចំលែកទុក្ខចំពោះក្រុមគ្រួសារ Mc Rasy Sok – សុខ រ៉ាស៊ី ផងណា សូមវិញ្ញាណក្ខន្ធគាត់ទៅកាន់សុគតិភពផងចុះ(អរគុណ ដែលមានបំណងចង់ផ្តល់ឈាមជូនគាត់ តែឥឡូវគាត់លេងទទួលបានទៀតហើយ»។
គួររលឹកថា តារាកំប្លែង និងចម្រៀងលោក អៀង ចេនឡា នៅពេលនៅមានជីវិតនោះ ធ្លាប់ទម្លាយឱ្យដឹងថា លោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរម្ដងរួចមកហើយ។ ប៉ុន្តែលោកក៏ត្រូវបានព្យាបាលជាធូរស្បើយឡើងវិញ និងបន្តការងារសិល្បៈជារឿយៗផងដែរ។ លោក អៀង ចេនឡា ក៏ធ្លាប់បញ្ជាក់ដែរថា មានពេលខ្លះលោកត្រូវបង្ខំចិត្តឡើងច្រៀង ឬសម្ដែងទាំងខ្លួនកំពុងឈឺទៀតផង ។
ដោយឡែក ថ្មីៗនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្អូនប្រុសបង្កើតរបស់លោក ចេនឡា បានទម្លាយវីដេអូស្ថានភាពរបស់លោកកំពុងសម្រាកដេកលើគ្រែពេទ្យជាមួយនឹងអាការៈនិយាយរវើរវាយលែងដឹងខុសត្រូវដោយសារជំងឺរលាកស្រោមខួរក្បាល និងកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។ តែអកុសល ក្រោយប្អូនប្រុស ទម្លាយរឿងនេះ មិនទាន់បានប៉ុន្មាន ស្រាប់តែ លោក ទទួលមរណភាព នៅយប់នេះតែម្ដង៕