ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មានមួយ ដោយបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៧២នាក់ ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍៣៤៤នាក់។ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៧៦នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៩,៩២០នាក់, អ្នកជាសះស្បើយសរុបចំនួន១២៣,៣៥៣នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់។
ចំពោះករណីឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងនេះ ឃើញថា កំពុងរីករាលដាលខ្លាំងណាស់នៅកម្ពុជា ហើយសូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឆ្លងជំងឺនេះផងដែរ នៅពេលលោកជំទាវ បានទៅចូលរួមពិធីមង្គលការរបស់សាច់ញាតិនោះ។
ជាក់ស្ដែងលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីព្រឹកម្សិលមិញថា «មិត្តរួមហ្វេសប៊ុកជាទីគោរពស្រលាញ់ទៅការញាតិព្រឹកមិញបានឆ្លង អូមីក្រុងហើយមើលឃើញពីរកានុះយ៉ាងច្បាប់ ពេលនេះខ្ញុំធ្វើចត្តាឡីស័កមួយរយៈពេលសិនហើយសូមខន្តីអភ័យទោសម្ចាស់ដើមការកូនក្នុងថ្ងៃទី2 និងទី3ក្នុងខែ3 នេះនិងថ្ងៃទី5និងថ្ងៃទី6 ខែ3 ទាំងអស់ពីររោងដែលត្រូវខ្ញុំត្រូវដឹកដៃនោះសូមរកអ្នកដឹកដៃផ្សេងផងចុះខ្ញុំពេទ្យមកព្យាបាលឲ្យនៅផ្ទះ26.2.2022»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការបារម្ភចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ហើយនាំគ្នាជូនពរព្រោងព្រាត ឲ្យលោកជំទាវ ឆាប់ជាសះស្បើយពីជំងឺនេះ ដើម្បីបន្តចូលរួមជួយសង្គមបន្ថែមទៀតនោះ៕