អ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈសុខៗ ស្រាប់តែតារាសម្ដែង និងបង្ហាញម៉ូដ លី ម៉ារីណា ប្រកាសលែងប្ដីនៅលើបណ្ដាញសង្គម ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នានោះ។
ជាការកត់សម្គាល់ ក្នុងការរស់នៅជាមួយស្វាមី រយៈពេលជាង១០ឆ្នាំមកនោះ លី ម៉ារីណា មិនសូវបើកបង្ហាញ មុខមាត់ស្វាមីឲ្យមហាជន ស្គាល់បានច្រើននោះទេ ខណៈរហូតមកដល់បច្ចុប្បន្ន ពួកគេមានកូនប្រុសម្នាក់ជាដំណាក់ឈាមរួមគ្នានោះ។
ទោះយ៉ាងណា កាលពីចុងឆ្នាំកន្លងទៅនេះ អ្នកគាំទ្រ ទើបតែស្គាល់មុខ ស្វាមី និងកូនប្រុសរបស់នាងកាន់តែច្បាស់នោះ ស្រាប់តែថ្មីៗនេះ បែរជាទទួលដំណឹងអាក្រក់ ដោយនាង ប្រកាសលែងគ្នាជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើលទៅវិញ។
អ្នកនាង បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «នាង ខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈ ថា នាងខ្ញុំនឹងស្វាមី ឈ្មោះលោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។
អញ្ចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់សូមអោយរក្សាតម្លៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំអោយបង្ហោះនូវអ្វី ដែលអោយមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត សូមអរគុណ»៕