ជាការកត់សម្គាល់ ក្នុងអាជីពចម្រៀងជាង១០ឆ្នាំនេះ លោកប៊ុនថៃ ហៅសិរីមន្ដ បានចេញច្រៀងសម្ដែងជាច្រើនលើកច្រើនសាក្នុងកម្មវិធីសប្បុរសធម៌មួយចំនួន ហើយក៏បានធ្វើការបរិច្ចាគថវិកាជាបន្ដបន្ទាប់ទៅតាមលទ្ធភាពផងដែរ។
ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅនេះ ស្របពេលកំពុងតែជោគជ័យលើវិស័យអចលនទ្រព្យនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឧបត្ថម្ភថវិកាចំនួន២,០០០,០០០$(២លានដុល្លារ)សម្រាប់ស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតនៅភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយមក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែកំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាម និងធ្លាប់មានប្រវត្តិដ៏កម្សត់រូបនេះ បានបង្ហាញក្ដីរំភើបយ៉ាងក្រៃលែង ក្រោយទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់(មហាសិរីវឌ្ឍន៍) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នោះ។
ក្រោយមកទៀត តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលយើងទើបទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈនេះ។
សូមរំលឹកថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្លាស់ប្តូរ ឬដំឡើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» ដល់សប្បុរសជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។
យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបោះត្រា និងចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានសម្រេចថា ចំណុចទី១មាត្រាទី២នៃអនុក្រឹត្យលេខ១៥ ចុះថ្ងៃទី០៤ មេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖
តាមសេចក្តីសម្រេច១ថ្មី-សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារ ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ អនុក្រឹត្យដដែលនោះ បានឲ្យដឹងទៀតថា ចំពោះសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាឬសម្ភារ ដែលមានតម្លៃលើសពី៥០ម៉ឺន ដុល្លារសហរដ្ឋអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទាន គោរមងារជា «ឧកញ៉ា» ។ បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ពាក្យ«ឧកញ៉ា» បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានសរសេរថា មានថ្នាក់ជានាមជាពាក្យប្រើសម្រាប់តែឋានន្តរសក្ដិនៃមន្ត្រីថ្នាក់ខ្ពស់សំដៅសេចក្ដីថា «អ្នកចេះដឹង ត្រួតត្រាមុខការក្នុងក្រសួង ស្ថាប័ន ឬនាទីរបស់ខ្លួន» មកពីពាក្យ ឧកឬអុក ត្រួតត្រាពេញអំណាច បូកនឹង ញា ដឹង ចេះ ស្គាល់ ទៅជា «ឧកញ៉ា»៕