ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា លោក ឌួង ឆាយ ត្រូវបាន លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ចុះហត្ថលេខាបញ្ចប់តួនាទី ចេញពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បង្ហោះភ្ជាប់ជាមួយ សេចក្ដីសម្រេច ស្ដីពីការបញ្ចប់តួនាទីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ, លោក ហ៊ុន ម៉ានិត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ខ្ញុំសម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។
ការបញ្ចប់តួនាទីលោក ឌួង ឆាយ នេះ គេមិនដឹងថា ដោយសារមូលហេតុអ្វីនោះទេ តែវាបានកើតឡើង ក្រោយពីលោក ឌួង ឆាយ បានធ្វើការឡាយវីដេអូផេកហ្វេសប៊ុកផ្ទាល់ខ្លួនលោកនិយាយរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងរឿងផ្ទៃក្នុងគ្រួសារ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ងាកមកលោកផែង វណ្ណៈ ក្រោយឃើញលោក ឌួង ឆាយ ជួបរឿងបែបនេះ ក៏បានបង្ហោះលិខិតនោះ ហើយពោលពាក្យទាំងសោកស្ដាយថា «ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់! លទ្ធផលមិនជឿចាស់ស្រឡះដៃធេង
បងអាយុច្រើនជាង បងហែលឆ្លងកាត់បទពិសោធន៍ជីវិតច្រើនជាង បងបានណែនាំកុំអោយ live អោយសោះ គួរតែនៅស្ងៀម ទុកអោយតុលាការ ធ្វើការតាមនីតិវិធីច្បាប់ តែប្អូនមានៈ ទីបំផុតទទួលបានលទ្ធផលគួរអោយសោកស្ដាយ»។
គួរបញ្ជាក់ថា លោក ផែង វណ្ណៈ ក៏ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បញ្ចេញ ពីមុខតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ផងដែរ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។
ពេលទទួលដំណឹងខាងលើ លោកផែង វណ្ណៈ បានបង្ហោះសារនៅពេលនោះថា «សម្ដេចក្រឡាហោម ស ខេង បានសម្រេចបញ្ចេញ ខ្ញុំបាទពីក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។ ខ្ញុំបាទសូមគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ ទោះបីខ្ញុំនៅជាពលរដ្ឋសាមញ្ញក៏ដោយអោយតែខ្ញុំនៅមានដង្ហើម ខ្ញុំនៅតែបន្តបម្រើប្រជាជននិង ប្រទេសជាតិរបស់ខ្ញុំតាមធនធាននិងលទ្ធភាពដដែល»។
លោក ផែង វណ្ណៈ បានទទួលតំណែងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ តែមិនទាន់បានប៉ុន្មានខែផង ស្រាប់តែជួបរឿងបែបនោះ។ ទោះយ៉ាងណា នៅពេលនោះ លោកផែង វណ្ណៈ ប្ដេជ្ញានៅតែបម្រើប្រជាជននិង ប្រទេសជាតិតាមលទ្ធភាពរបស់ខ្លួនដដែល៕