ក្រោយពីការឡាយវីដេអូ និយាយបកស្រាយតាមរយៈបណ្ដាញសង្គម FACE BOOK កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អំពីរឿងរ៉ាវមិនល្អមួយចំនួន ដែលបានកើតមានឡើងចំពោះក្រុមគ្រួសារខ្លួន ហើយមានការប៉ះពាល់ ដល់កិត្តិយសរបស់ ឯកឧត្ដម យូ ប៉ុនឡេង នោះ , នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឌួង ឆាយ បានចេញលិខិតសុំទោស ឯកឧត្ដម យូ ប៉ុនឡេង ជាសាធារណៈហើយ។
នៅក្នុងលិខិតសុំទោសជាសាធារណៈ ដែលលោកឌួង ឆាយ បង្ហោះនោះ មានខ្លឹមសារដូច្នេះថា «សូមគោរពជូន ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល សូមទានជ្រាប។
កម្មវត្ថុ ៖ ខ្ញុំបាទសុំធ្វើការអភ័យទោសជាសាធរណៈពី ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល អតីតជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។
យោង ៖ វីដេអូឃ្លីបនៅក្នុងបណ្តាញសង្គមទំនាក់ទំនង FACE BOOK ផេកឈ្មោះ DUONG CHAY ឌួង ឆាយ ដែលបានផ្សាយកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៨ និង៤៥ នាទីយប់។ តបតាមកម្មវត្ថុ និងចុះយោងខាងលើ ខ្ញុំបាទសូមការខន្តីអភ័យទោសជាសាធារណៈពីសំណាក់ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល
ដោយសារកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ និង៤៥នាទី ខ្ញុំបាទបានធ្វើការនិយាយបកស្រាយតាមរយៈបណ្តាញសង្គម FACE BOOK អំពីរឿងរ៉ាវមិនល្អមួយចំនួន ដែលបានកើតមានឡើងចំពោះក្រុមគ្រួសារខ្ញុំបាទកន្លងមក ហើយចេតនានៃការបកស្រាយនូវរឿង រ៉ាវទាំងអស់នោះ គឺមានគោលបំណងតែមួយគត់ គឺចង់អោយមហាជន ក៏ដូចជាស្ថាប័ន ផ្សេងៗ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជ្រាបអំពីអ្វីដែលជាដើមចម អោយមានការបែកបាក់ផ្ទៃក្នុង ក្នុងក្រុមគ្រួសាររបស់ខ្ញុំបាទកន្លងមក។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ក្រោយការនិយាយបកស្រាយរបស់ខ្ញុំបាទចប់ ខ្ញុំបាទមានការសោកស្តាយ ជាពន់ពេក ដោយសារការបកស្រាយរបស់ខ្ញុំបាទ បានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ដែលបុគ្គលម្នាក់មានចេតនាល្អ ខំចំណាយពេលវេលាដ៏តម្លៃ ធ្លាប់បានប្រៀនប្រដៅ ណែនាំ ជួយសម្របសម្រួល ផ្សះផ្សា ក្នុងវិវាទគ្រួសាររបស់ខ្ញុំបាទកន្លងមក
កត្តាទាំងនេះហើយ ខ្ញុំបាទមិនគួមានការយល់ច្រឡំ ភាន់ភាំង ក្តាប់សាច់រឿងមិនបានច្បាស់លាស់ចំពោះចំណុចនេះ និយាយខុស មិនបានពិចារណា ដោយសារតែអារម្មណ៍របស់ខ្ញុំបាទស្មុគស្មាញ មានរឿងរ៉ាវជាច្រើន ទាំងរឿងខ្លួនឯងផ្ទាល់ រឿងគ្រួសារទាំងមូល រឿងការរកស៊ី។ល។ បានទម្លាក់មកលើខ្ញុំបាទដែលជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ដូច្នេះហើយបានជាខ្ញុំបាទនិយាយទៅ ធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសឯកឧត្តមយ៉ាងធ្ងន់ធ្ងរ ដោយមិនមានការតាំងចិត្តយ៉ាងដូច្នេះ។
ក្រោមហេតុផល ដូចបានជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមធ្វើការសុំទោសចំពោះឯកឧត្តម នូវកំហុសដែល ខ្ញុំបាទបាននិយាយកាលពីយប់មិញ ដែលធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសឯកឧត្តម ទាំងរឿងរ៉ាវពិតគឺមិនមែនដូច្នោះឡើយ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងទទួលនូវការសូមទោសពីសំណាក់ខ្ញុំបាទ ហើយលើកលែងទោសអោយខ្ញុំបាទនូវរាល់កំហុសឆ្គងទាំងឡាយ ដែលបាននិយាយជុលជ្រោះ ខុសការពិត កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ។ ខ្ញុំបាទសូមសន្យាថា នឹងមិនមានករណីបែបនេះចំពោះ ឯកឧត្តម ទៀតឡើយ។ សូម ឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕