មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានដឹងពីអាការៈជំងឺរបស់តារាសម្ដែង និងចម្រៀង អៀង ចេនឡា។ លោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់រហូតបាត់បង់ស្មារតី និយាយរវើរវាយលែងដឹងខុសត្រូវបណ្ដាលមកពីជំងឺរលាកស្រោមខួរក្បាល។
ស្ថានភាពជំងឺរបស់តារាសម្ដែង អៀង ចេនឡា ត្រូវបានទម្លាយចេញដោយពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់តារាកំប្លែងលោក អៀង ចេនឡា កាលពីយប់មិញនេះ។
លោកបានប្រកាសថា បងប្រុសរបស់ខ្លួនគឺលោក អៀង ចេនឡា កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់បាត់បង់ការចង់ចាំបណ្ដាលមកពីជំងឺរលាកស្រោមខួរក្បាល។ ពិធីកររូបនេះក៏បានសុំការអភ័យទោសពីម្ចាស់កម្មវិធី ឬបណ្ដាការងារទាំងអស់ជំនួសបងប្រុសផងដែរ ។
លោក សុខ រ៉ាស៊ី បាននិយាយថា៖ «បងប្រុសខ្ញុំ គាត់ឈ្មោះ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាលលែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន!» ។
តាមរយៈដំណឹងនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាកំប្លែងលោក អៀង ចេនឡា មានការតក់ស្លុតជាខ្លាំង និងស្ទើរតែមិនចង់ជឿ ព្រោះតារាកំប្លែងរូបនេះទើបតែបង្ហាញវត្តមាននៅលើឆាកទូរទស្សន៍ជាមួយដៃគូចាស់កញ្ញា ពី យ៉ាពីន កាលពីថ្មីៗនេះប៉ុណ្ណោះ ។
គួររលឹកថា តារាកំប្លែង និងចម្រៀងលោក អៀង ចេនឡា កន្លងមកទម្លាយឱ្យដឹងថា លោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរម្ដងរួចមកហើយ។ ប៉ុន្តែលោកក៏ត្រូវបានព្យាបាលជាធូរស្បើយឡើងវិញ និងបន្តការងារសិល្បៈជារឿយៗផងដែរ ។ លោក អៀង ចេនឡា ក៏ធ្លាប់បញ្ជាក់ដែរថា មានពេលខ្លះលោកត្រូវបង្ខំចិត្តឡើងច្រៀង ឬសម្ដែងទាំងខ្លួនកំពុងឈឺទៀតផង ។
ជាក់ស្ដែងកាលពីថ្មីៗនេះ បន្ទាប់ពីអាការៈបានធូរស្បើយច្រើនលោក អៀង ចេនឡា បានបង្ហាញវត្តមាននៅលើឆាកទូរទស្សន៍មួយជាមួយនឹងដៃគូនាង ពី យ៉ាពីន ។ ហើយគ្រានោះ លោក ចេនឡា ត្រូវបានគេសង្កេតឃើញថា មានសភាពស្លេកស្លាំងជាខ្លាំង ។ បើទោះជាយ៉ាងណាតារារូបនេះក៏មិនសូវបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គមប៉ុន្មានឡើយ ។
ដោយឡែកយប់មិញនេះក៏ស្រាប់តែមានការភ្ញាក់ផ្អើលមួយ ពោលគឺបន្ទាប់ពីប្អូនប្រុសបង្កើតរបស់លោក ចេនឡា បានទម្លាយវីដេអូស្ថានភាពរបស់លោកកំពុងសម្រាកដេកលើគ្រែពេទ្យជាមួយនឹងអាការៈនិយាយរវើរវាយលែងដឹងខុសត្រូវដោយសារជំងឺរលាកស្រោមខួរក្បាល និងកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។
ងាកមក តារាកំប្លែងស្រីពីនវិញ ក្រោយដឹងពីស្ថានភាពរបស់លោក ចាន់ឡាន នាង ក៏បានពោលពាក្យយ៉ាងកម្សត់ អមដោយស្ទីកឃ័រទឹកភ្នែកថា «ខ្ញុំខំតែអន់ចិត្ត និងបងប្រុសថា ឡើងផ្ទះប្អូនទាំងមូលមិនអញ្ចើញចូលរួមទេ! តាមការពិតបងប្រុស មានបញ្ហា បែបនេះសោះ. មិនគួរឿងបែបនេះធ្លាក់ទៅលើបងប្រុសនោះទេ.
សូម ជូនពរទេវតា តាមថែរក្សាបងរួចផុតពីជំងឺ នេះទៅចុះ បញ្ជាក់ គាត់មានជំងឺធ្ងន់ធ្ងរណាស់ ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ កាលម៉ែត រលាកស្រោមខួរក្បាល. សូមបងប្រុសឆាប់ជា មានបងប្អូនចាំ តាមដានការសំដែង របស់បងប្រុសច្រើនណាស់
សង្ឃឹមថា បង នឹងអាចមកសំដែងបានវិញណាក្នុងពេលឆាប់ជូនពុកម៉ែបងប្អូនបានសើចសប្បាយវិញណា។ គាត់តែងតែ នែនាំ គាត់តែងតែជួយ បញ្ហាផ្លូវ ប្រាប់កន្លែងណាល្អនិងកន្លែងណាមិនគួរធ្វើ មានការតែងតែហៅប្អូន ខុសជេរ ហៅមក ឆាប់ជាណាបង ប្រុស៕