លោក Gagan Malik ជាតារាភាពយន្តឥណ្ឌាម្នាក់ ដែលធ្លាប់សម្តែងជាតួអង្គព្រះពុទ្ធ បានទៅបួសជាព្រះសង្ឃសាងផ្នួសរៀនធម៌នៅប្រទេសថៃ នៅវត្ត That Thong ។
រំលឹកកាលពីនៅមុនពេលសាងផ្នួស, តារាភាពយន្តឥណ្ឌា Gagan Malik លោកធ្លាប់បានសម្តែងជាតួអង្គព្រះពុទ្ធ (Lord Buddha) នៅក្នុងខ្សែភាពយន្ត Sri Siddhartha Gauthama នៅឆ្នាំ២០១៣ ហើយតាមរយៈស្នាដៃសម្តែងជាតួអង្គព្រះពុទ្ធនៅក្នុងរឿងនេះ លោក Gagan Malik ក៏ទទួលបានពានរង្វាន់តារាឯក(Best Actor Award) នៅមហាស្រពភាពយន្តពុទ្ធសាសនិកពិភពលោករៀបចំឡើងដោយអង្គការសហប្រជាជាតិ។
តាមសារព័ត៌មានក្នុងស្រុកប្រទេសថៃ អោយដឹងថា ពិធីសាងផ្នួសរបស់លោក Gagan Malik មានការចូលរួមពីមិត្តភ័ក្តិជិតស្និទ្ធ ហើយរយៈពេលសាងផ្នួសរបស់ព្រះសង្ឃអង្គនេះនៅប្រទេសថៃនឹងមានរយៈពេល១៥ថ្ងៃ ដែលនឹងបញ្ចប់ទៅនៅត្រឹមថ្ងៃទី២៤កុម្ភៈខាងមុខ។
មុនពេលចូលសាងផ្នួសនៅប្រទេសថៃ លោក Malik បានប្រាប់អោយដឹងថា លោកចង់សិក្សាធម្មវិន័យព្រះពុទ្ធសាសនា ហើយចែករំលែកការសិក្សាទាំងឡាយនោះបន្តនៅក្នុងប្រទេសឥណ្ឌាដើម្បីអោយពលរដ្ឋឥណ្ឌាកាន់តែច្រើនឡើងបានជ្រួតជ្រាបពីព្រះពុទ្ធសាសនា៕ ប្រភព ៖ តារាញូស៍