លោកអ្នក បានជ្រាបរួចមកហើយថា សួ វិចិត្រ ជាអ្នកចម្រៀងមួយរូប នៅមជ្ឈមណ្ឌលកំសាន្តស្លាមាសខេត្តពោធិ៍សាត់ ដែលមានភាពល្បីល្បាញលើបណ្ដាញសង្គម តាមរយៈចម្រៀងCoverជាច្រើនបទនោះ។
ស្របពេលកំពុងល្បីល្បាញហើយនោះ, កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោក បានទៅក្នុងការចូលរួមប្រឡងកម្មវិធីBeat The Best វគ្គ Beat The Judges ដោយលើកយកបទ «កុំឲ្យគេឈឺចាប់ដោយសារបង» ដែលជាសំនៀងដើមរបស់លោកឆាយ វីរៈយុទ្ធ មកបកស្រាយ។
តាមរយៈការបកស្រាយយ៉ាងពីរោះរណ្ដំចិត្តនេះ បានធ្វើគណៈកម្មការទាំង៤ពុះកញ្ជ្រោលជាមួយសមត្ថភាពរបស់លោកខ្លាំងណាស់ ហើយពួកគេមិនគិតយូរ ក៏បានសម្រេចឲ្យលោកឡើងទៅវគ្គបន្ត ជាមួយនឹងអារម្មណ៍រំភើបឥតឧបមា។
លុះដល់វគ្គBeat The Team សប្ដាហ៍ទី២ សួ វិចិត្រ ក៏បានធ្វើបានល្អទៀត ហើយបានឆ្លងផុតវគ្គនេះដោយជោគជ័យ។ ដោយឡែក ដល់វគ្គBeat Yourself នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នោះ ចិត្រ ធ្វើមិនសូវបានល្អនោះទេ ក្នុងConcept បទបែបRock ដោយផ្ដើមដំបូងខុសចង្វាក់បន្តិច កាយវិការមិនស៊ីនឹងចម្រៀង ចេះតែលោតៗ។ ទោះយ៉ាងណាលោកនៅតែអាចជាប់ឈានដល់វគ្គបន្តដដែល។
លុះដល់វគ្គ BEAT THE LIVE សប្ដាហ៍ទី១ ទី២ ទី៣ វិចិត្រ បន្តធ្វើបានល្អ ហើយត្រូវទស្សនិកជនបោះឆ្នោតឲ្យជាប់ជាបន្តបន្ទាប់។ រហូតដល់BEAT THE LIVE សប្ដាហ៍ទី៤នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ជាពេលវេលាដ៏តានតឹងសម្រាប់ សួរ វិចិត្រ ដោយសារតែក្នុងចំណោមបេក្ខជន៨រូប មានតែ៦នាក់ប៉ុណ្ណោះ អាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាវគ្គBeet The Sixនោះ។
អ្វី ដែលកាន់តែតានតឹង និងធ្វើឲ្យ វិចិត្រ ស្ទើរអស់ព្រលឹងពីខ្លួននោះ ដោយសារតែក្រោយបេក្ខជនទាំងអស់ បង្ហាញសមត្ថភាពរួច ហើយទស្សនិកជនបញ្ចប់ការបោះឆ្នោតនោះ, ដល់វគ្គប្រកាសលទ្ធផល ស្រាប់តែឮឈ្មោះ បេក្ខជនផ្សេងជាបន្តបន្ទាប់ចំនួន៥នាក់ ដែលអាចឈានទៅវគ្គបន្តទៅហើយ មិនទាន់ឮឈ្មោះវិចិត្រទៀត។
មានន័យថា សល់បេក្ខជនតែ៣នាក់ប៉ុណ្ណោះ រួមទាំងសួ វិចិត្រ អត់ទាន់ឮឈ្មោះ ហើយក្នុងចំណោម៣នាក់នោះ មានតែម្នាក់ប៉ុណ្ណោះ ដែលអាចឈានដល់វគ្គបន្ត។ ទោះយ៉ាងណា ការភ័យព្រួយរបស់វិចិត្រ ត្រូវបានរសាយទៅវិញ ដោយសារតែឈ្មោះបេក្ខជនចុងក្រោយ ដែលមានឈ្មោះឡើងទៅវគ្គបន្តនោះគឺជា បេក្ខជន សួរ វិចិត្រនេះឯង ខណៈបេក្ខជន២នាក់ទៀត ត្រូវធ្លាក់ចេញពីកម្មវិធី គឺបេក្ខជន ជឿន ចិត្រ និង រឿន បញ្ញារ័ត្ន។
គួរបញ្ជាក់ថា បេក្ខជន បេក្ខនារី ចំនួន៦នាក់ ដែលឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាវគ្គBeet The Six នោះ រួមមាន លោកអ៊ឹម ថៃ, កញ្ញា កែវ វល័ក្ខ, លោក ឈាន ជាលឿយ, លោក ពេជ្រ ម៉េងលី, លោកអេន ប៊ុនរ៉ុង និង លោក សួ វិចិត្រ ជាបេក្ខជនបិទគូទ៕