កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូមួយ បង្ហាញពីសកម្មភាពគូស្វាមីមួយគូកំពុងក្រាបផ្ទឹមសែនចងដៃ ត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គមទីកតុក និងហ្វេសប៊ុក បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ការចាប់អារម្មណ៍នេះ ដោយសារ ពេលកំពុងក្រាបផ្ទឹមនោះ ស្រាប់តែអតីតសង្សាររបស់កូនក្រមុំ មកចងដៃដែរ ថែមទាំងរៀបរាប់ទឹកភ្នែក ធ្វើឲ្យកូនក្រមុំ យំសោកបោកខ្លួន។ រំពេចនោះ កូនកំលោះ ក៏ចាប់ទាញដៃយុវជននោះចេញ ថែមទាំងដាល់១ដៃដួលផ្កាប់មុខទៀតផង។
ក្រោយពីឃើញវីដេអូន អ្នកលេងបណ្ដាញសង្គមទីកតុកមួយចំនួន លើកជាសំណួរថា តើនេះ ជាការពិត ឬគ្រាន់តែជាការសម្ដែងនោះ។ សំណួរនេះ ត្រូវបានអ្នកផ្សេងទៀត ធ្វើការឆ្លើយតបថា «មើលសកម្មភាពទៅ សម្ដែងទេ, គេសម្ដែងទេប្រូ កូនកំលោះម្ចាស់ប្រេន បងអាតស្កីនឃែរ ប្រពន្ធគាត់នៅស្រុកខ្ញុំ, ខ្ញុំមើលហើយៗសម្ដែងទេ, សម្ដែងតើបង»។
មិនខុសនោះទេ តាមពិតទៅនេះ ជាឃ្លីបវីដេអូមួយនៅក្នុងMVបទចម្រៀង «ព្រមអោយអូនការ » ច្រៀងCoverដោយលោក សុវណ្ណ សីហា ចេញជាផ្លូវការកាលពីអំឡុង ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែត្រូវបានគេកាត់យកផ្នែកសំខាន់ទៅបង្ហោះលើបណ្ដាញសង្គមទីកតុក និងហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ទើបបង្កឲ្យមានការចាប់អារម្មណ៍តែម្ដង៕ សូមទស្សនាវីដេអូ ខាងក្រោម ៖