រាជធានីភ្នំពេញ ៖ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ត្រូវបានទទួលស្គាល់ថា ជាសហគ្រិនស្ត្រីម្នាក់ដ៏ជោគជ័យលើវិស័យជំនួញ។ នាងក៏បានចូលរួមបង្កើតចំណូលដល់មនុស្សជាច្រើនក្នុងនាមជាដៃគូចែកចាយផលិតផល។
សហគ្រិនស្ត្រីរូបនេះ ក៏មានឧបនិស្ស័យផ្នែកសិល្បៈផងដែរ។ ដោយសារតែការស្រឡាញ់នេះហើយធ្វើឲ្យនាងសម្រេចចិត្តបើកផលិតកម្មចម្រៀង ទាំងដឹងថា មិនងាយនឹងរកប្រាក់ចំណេញជាដុំកំភួន ព្រមទាំងឆ្លៀតពេលចូលរួមសម្ដែងរឿងដោយផ្ទាល់ទៀតផង។
តាមការបញ្ជាក់របស់អ្នកនាង នួន ស៊ុន្ទរី យ៉ាងហោចណាស់អ្នកស្រីបានចូលរួមសម្ដែង៣រឿងហើយ ដែលសុទ្ធសឹងតែជារឿងខ្មោចបែបភ័យរន្ធត់ ដែលធ្វើឲ្យអ្នកនាងស្ទើរតែលែងចង់ថតតទៅទៀត។
ក្នុងនោះរួមមានរឿង កំណត់ហេតុមរណៈ , រឿង របាយការណ៍ខ្មោចនាងម្លិះ និងរឿងចុងក្រោយ ដែលអ្នកនាងសុំលាក់ចំណងជើងព្រោះជារឿងពិសេសខ្លាំងជាងគេ ។
ទោះបីជាយ៉ាងណា ស្ត្រីខ្លាំងខាងរកស៊ីរូបនេះបានគូសបញ្ជាក់ថា ប្រហែលជាអ្នកនាងត្រូវលាពីទស្សនិកជនសិនហើយ ដោយតែមមាញឹកក្នុងការងាររកស៊ី។ អ្នកនាង នួន ស៊ុន្ទរី បានបន្តទៀតថា៖ “ស្រលាញ់ការថតរឿង តែគ្មានពេលអ៊ីចឹង ប្រហែលសុំជម្រាបលាទស្សនិកជនហើយ”។
សូមបញ្ជាក់ថា អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន កំពុងក្ដោបក្ដាប់ជំនួញធំៗនៅក្នុងដៃមួយចំនួន និងកំពុងទទួលជោគជ័យក្នុងនាមជាសហគ្រិនស្ត្រីមួយរូបពោរពេញដោយសក្ដានុពល។ អ្នកនាងមានក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ហើយថ្មីៗនេះ កំពុងដំណើរការលក់គម្រោងផ្ទះវីឡាផ្ទាល់ខ្លួន ដែលមានឈ្មោះថា “បុរី បុស្បា” នឹង ជាថៅផលិតកម្មរៀម ជាដើម៕ ប្រភព ៖ តារាញូស៍