កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះលិខិតមួយច្បាប់ ពាក់ព័ន្ធនឹង តំណាង អយ្យការ ប្រាប់សម្ដេច ក្រឡា ហោម ស ខេង អំពី ការចោទប្រកាន់ ជាផ្លូវការ ចំពោះលោក ឌួង ងៀប។
បង្ហោះភ្ជាប់ជាមួយលិខិតមួយច្បាប់ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិត គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អំពីការចោទប្រកាន់ជាផ្លូវការចំពោះលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ពីបទ ឆបោក និង ក្លែងបន្លំឯកសារសាធារណៈធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយឲ្យចិនយកលុយ២០ ម៉ឺនដុល្លារពេលនេះចិនប្ដឹង»។
នៅក្នុងលិខិតគោរពជម្រាបជូនសម្ដេច សខេង តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ: ១០៤៣ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តាមពាក្យបណ្ដឹងរបស់ឈ្មោះ HUANG HSIAO SHIEN បានប្ដឹងឈ្មោះឌួង ងៀប និងឈ្មោះ ឌួង ម៉េងហុង ពីបទ : ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងអំពើឆបោក និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨»។
ក្រោយពីបានធ្វើការស៊ើបអង្កេត និងពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបអង្កេតឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរអគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ, ឈ្មោះ ឌួង ម៉េងហុង ព្រមទាំងបក្ខពួក ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៣៧៧, មាត្រា៣៧៨, មាត្រា៦២៦ និងមាត្រា៦២៩ក្រុមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៣០០៩ អ.យ.ខចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។
ងាកមកលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បី ក្រោយដឹងរឿងលោក ឌួង ងៀប ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយឲ្យចិន យកលុយជាង២០ម៉ឺនដុល្លារនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក បានលើកឡើងថា «យកលុយគេទាំងសែនទាំងលានដុល្លារ អត់បង្ហោះប្រាប់មហាជន ប្រាប់ថ្នាក់ដឹកនាំអោយដឹងទេ យកទៅចាយហ៊ឺហាជាមួយស្រីក្មេង កំដរតណ្ហាភ្លេចប្រពន្ធកូន។
លុះពេលម្ចាស់លុយគេប្ដឹងទាមទារលុយគេវិញ អត់លុយសងគេ បង្ហោះហ្វេសប៊ុក ធ្វើឆ្កួត ធ្វើជា រកមហាជន និង ថ្នាក់ដឹកនាំជួយ។ ចង់បោកប្រាស់គេ ហ្វ្រីមែន ? បោកគឺបោក ច្បាប់គឺច្បាប់ សម្រែកតាម ហ្វេសប៊ុក មិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឈ្មោះ ឌួង ងៀប នេះដែរ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៣:៣០នាទីយប់ បណ្តាញទំនាក់ទំនងសង្គម Facebook ដែលមាន ឈ្មោះ Duong Ngeap បានបង្ហោះវីដេអូមួយ ក្រោមការចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា សំណុំរឿងព្រហ្មទណ្ឌលេខ៧២១៧ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើឈ្មោះ ឌួង ងៀប តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០ដុល្លារ ឱ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទថាមិនមានដីនោះឡើយ។
អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ខាងលើនេះ លោក ដួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក សរុបទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ តុលាការថា មូលប្បទានប័ត្រដែលលោក ឌួង ងៀប ចេញឱ្យដើមបណ្តឹងរដ្ឋប្បវេណីនោះគឺគ្មានសាច់ប្រាក់នោះទេ នៅពេលដែលដើមបណ្តឹងរដ្ឋប្បវេណីយកទៅបើកនៅធនាគារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបន្តទៀតថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួនទឹកប្រាក់ជាង៥លានដុល្លារអាមេរិក មកតម្កល់នៅគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។
ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”៕