ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលក្នុងអារម្មណ៍ជាខ្លាំងបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូមួយដែលបងប្រុសបង្កើតកញ្ញា នាង គន្ធា និយាយរៀបរាប់នូវរឿងរ៉ាវពិត និងខ្សែជីវិតដ៏ជូរចត់របស់តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេរូបនេះ។
ជាការពិតមុនទទួលបានជីវិតមួយដូចសព្វថ្ងៃ និងមានឈ្មោះបោះសំឡេងតាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗ និងតាមកញ្ចក់ទូរទស្សន៍ នាង គន្ធា ត្រូវបានគេដឹងថា មានខ្សែជីវិតជូរចត់ជាខ្លាំង ។ តែពាក្យនេះធ្លាប់តែលឺនិយាយតៗគ្នាប៉ុណ្ណោះ មិនមាននរណាបានដឹងពីភាពកម្សត់ល្វីងជូរចត់នោះយ៉ាងណាឡើយ។
ប៉ុន្តែក្រោយពីបានស្ដាប់ការបកស្រាយ និងការកកាយអតីតកាលរបស់ នាង គន្ធា ពីសំណាក់បងប្រុសទី២របស់នាង ធ្វើឱ្យមហាជនជាច្រើនស្ទើរតែទប់ទឹកភ្នែកមិនបាន ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍My TV លោក នាង ប៊ុនថង បងប្រុសទី២របស់ នាង គន្ធា បាននិយាយទាំងអួលដើមកជាមួយនឹងទឹកភ្នែករលីងរលោងថា ខ្សែជីវិតតារាស្រីវ័យក្មេងរូបនេះកម្សត់តាំងពីកុមារភាពមកម្ល៉េះ ពោលគឺនាងរស់នៅមិនសូវមានភាពកក់ក្ដៅឡើយ ព្រោះដោយសារតែជីវភាពគ្រួសារខ្សត់ខ្សោយ ធ្វើឱ្យឪពុកម្ដាយ និងបងប្អូនត្រូវចែកផ្លូវគ្នាទៅធ្វើនៅកន្លែងផ្សេងៗ និងរស់នៅឆ្ងាយពីគ្នា។
គន្ធា ជាក្មេងស្រីម្នាក់ដែលមាននិស្ស័យជាមួយនឹងកីឡា ហើយនាងក៏ខុសពីក្មេងស្រីដទៃភាគច្រើនដែរ ដោយនាងមានចំណង់ចំណូលចិត្តលេងបាល់ទាត់ជាខ្លាំង។ តែ គន្ធា ក៏មានទេពកោសល្យពិសេសមួយ គឺផ្នែកចម្រៀង ។ នាងមានទឹកដមសំឡេងពីរោះបូករួមនឹងទេពកោសល្យ ជាហេតុធ្វើឱ្យរូបលោកដែលជាបងប្រុសមានភាពជឿជាក់ និងសម្រេចចិត្តឱ្យនាងមកដាក់ពាក្យប្រឡងចម្រៀង។
ថ្ងៃដំបូងនៃការឈានជើងចូលមកទឹកដីភ្លើងពណ៌រាជធានីភ្នំពេញ នាង គន្ធា គ្មានសូម្បីតែលុយកាក់សម្រាប់ធ្វើដំណើរមកតាមផ្លូវ ។ គ្រានោះរាល់ការចំណាយទាំងអស់ គឺលោក នាង ប៊ុនថង ជាបងប្រុសដែលកំពុងបម្រើការងារផ្នែកសន្តិសុខគឺជាអ្នករ៉ាប់រង ។ ពេលខ្លះលោកត្រូវបង្អត់បាយខ្លួនឯង ដើម្បីត្រូវបង្រុងលុយកាក់សម្រាប់ប្អូនៗឱ្យហូបឆ្អែតមានកម្លាំងត្រៀមប្រឡង ។
ពាក្យសម្ដីនេះបានធ្វើឱ្យ នាង គន្ធា ដែលកំពុងអង្គុយស្ដាប់បងប្រុសបរិយាហាក់មានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងរហូតហូរទឹកភ្នែកហៀរថ្ពាល់ ។ ហើយពាក្យសម្ដីចុងក្រោយដ៏មានអត្ថន័យ និងជ្រួតជ្រាបបំផុតអាចទាញយកទឹកភ្នែក នាង គន្ធា ឱ្យស្រក់ចុះកាន់ខ្លាំងរបស់លោក នាង ប៊ុនថង ដែលជាបងប្រុសនោះគឺថា
៖ «បងប្រុសម្នាក់ដែលនៅពីក្រោយភាពជោគជ័យរបស់ប្អូន គឺខំប្រឹងប្រែងតស៊ូ ជួយផ្គត់ផ្គង់ឱ្យប្អូនតាំងពីគ្មានអ្វីសោះរហូតដល់មានជីវិតប្រសើរឡើងប៉ុណ្ណេះ ខ្ញុំរំភើបណាស់ បងប្រុសម្នាក់នេះស្រលាញ់ប្អូន សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្អូន» ។
អនុស្សាវរីយ៍ដែលលោក នាង ប៊ុនថង ជាបងប្រុសតារាចម្រៀងស្រី នាង គន្ធា ចងចាំមិនភ្លេចនាពេលកម្សត់កម្រនោះគឺ មុនពេលប្រលងប្អូនៗត្រូវទទួលទានបាយ ឬគុយទាវ ដើម្បីបំពេញកម្លាំងត្រៀមចូលប្រលង។
ក៏ប៉ុន្ដែលោកមានថវិការក្នុងខ្លួនតិចបំផុត ដែលមិនគ្រប់សម្រាប់ទិញបាយ ឬគុយទាវបានបីចាននោះទេ។ លោកលះបង់ឱ្យប្អូនៗបានបរិភោគឆ្អែតគ្រប់គ្រាន់ តែចំពោះខ្លួនលោកបានត្រឹមតែបង្អែមមួយចានតូចប៉ុណ្ណោះ។ លោកបានប្រាប់ប្អូនថា លោកមិនសូវឃ្លាននោះទេ ឱ្យប្អូនបានហូបឆ្អែតចុះ។
គួររំលឹកថា បងប្អូន នាង គន្ធា បានឆ្លងកាត់នូវរឿងរ៉ាវលំបាក និងការតស៊ូជាច្រើនទម្រាំអាចកសាងជីវភាពបានប្រសើរដូចសព្វថ្ងៃ ។ នាងត្រូវបានគេដឹងថា បានចូលប្រឡូងសិល្បៈដំបូងជាមួយនឹងបងប្រុសបង្កើត នាង ប្រាក់សុគន្ធ តាមរយៈកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី២ ។ តែគួរឱ្យសោកស្ដាយ ខណៈដែលទទួលបានភាពជោគជ័យមនជីវភាពប្រសើរ និងកេរ្ដិ៍ឈ្មោះបោះសំឡេង នាង គន្ធា បានបាត់បង់បងប្រុស នាង ប្រាក់សុគន្ធ កាលពីពេលថ្មីៗនេះ ដោយគ្រោះថ្នាក់ចរាចរណ៍៕ ប្រភព ៖ តារាញូស៍