នេះមិនមែនជាលើកទី១នោះទេ សម្រាប់ ឯកឧត្ដម ខៀវ កាញារីទ្ធ ក្នុងការពាំនាំរឿងរ៉ាវមួយចំនួនចែកជូនអ្នកគាំទ្របានសើចសប្បាយរំសាយអស់ទុក្ខកង្វល់នោះ។ ជាក់ស្ដែងថ្ងៃនេះ ឯកឧត្ដម បាននិយាយរឿងខ្លីមួយធ្វើឲ្យគ្រប់គ្នាបាក់ចង្កេះតែម្ដង។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ឯកឧត្ដម បានរៀបរាប់ដូច្នេះថា «ថ្ងៃនេះហត់ពេក ក៏សូមនិយាយរឿងខ្លីមួយ បន្ធូរអារម្មណ៍! យុវជន សួនសម ជាកូនរបស់ឧកញ៉ាមានលុយរាប់រយលានដុល្លារម្នាក់ ហេតុនេះគេដឹងតែដើរលេងសប្បាយ ហ៊ឺហា ឥតខ្វល់ពីអ្វីទាំងអស់។ ថ្ងៃមួយ លោកឧកញ៉ាធ្លាក់ខ្លួនឈឺជាទម្ងន់ និង ក្រោយការពិនិត្យរបស់គ្រូពេទ្យរួច លោកក៏ហៅកូនមកជួប ដោយនិយាយប្រាប់ថា :
– ពេទ្យថា អាយុពុកមិនបានដល់មួយខែទៀតទេ ទ្រព្យសម្បត្តិពុកទាំងប៉ុន្មានពុកទុកអោយកូនទាំងអស់ហើយ តែកូនត្រូវរកប្រពន្ធមកជួយមើលការងារផ្ទះ និង របររកស៊ីអោយបានគង់វង្សផង! យុវជន សួនសម ក៏ប្រឹងដើររកមើលនារីណាមួយដើម្បីយកមកធ្វើប្រពន្ធ។ ថ្ងៃមួយគេបានប្រទះឃើញនារីម្នាក់ដ៏សែនស្អាត ជាទីពេញចិត្តពេញភ្នែករបស់គេ។
យុវជន សួនសម ក៏ចូលទាក់ទងនាងភ្លាម : – ខ្ញុំស្រលាញ់នាងណាស់ នាងព្រមធ្វើប្រពន្ធខ្ញុំទៅ ឆាប់ៗនេះ ខ្ញុំក្លាយជាសេដ្ឋីមានលុយរាប់រយលានដុល្លារហើយ! – ខ្ញុំមិនជឿទេ នៅក្មេងយ៉ាងនេះ រកឯណាមានលុយរាប់លានដុល្លារនោះ !
– បើមិនជឿ ទៅជួបឪពុកខ្ញុំទាំងអស់គ្នា! នារីនោះក៏ព្រមទៅជួបឪពុករបស់យុវជន សួនសម! ហើយ ៣ ថ្ងៃក្រោយមកទៀត នាងក៏បានក្លាយទៅជា …. ម្តាយចុងរបស់យុវជន សួនសម នោះទៅ!»៕